(ប៉ៃលិន)៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ទលប៉ៃលិន និងជាប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួយឃុំស្ទឹងកាច់ លើកស្លាកគណបក្សប្រជាជនកម្ពុជា ដាក់តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំស្ទឹងកាច់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺជាទិវាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកម្ពុជាយើង មិនអាចបំភ្លេចបាន ជាថ្ងៃកំណើតទី២ ដែលបានរំដោះប្រជាជនកម្ពុជា និងប្រទេសជាតិ ឱ្យរួចផុតពីរបបវាលពិឃាត ដ៏ខ្មៅងងឹត គឺរបបប្រល័យពូជសាស្រ្តសម្លាប់មនុស្សគ្មានញញឺតដៃ ។ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំស្ទឹងកាច់ ក៍បានផ្តាំផ្ញើការសាក សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំស្ទឹងកាច់ ដែលជានិច្ចកាលសម្ដេចតេជោ និងលោកជំទាវ បាន ស្រីមុំ តែងតែយកចិត្តទុកដាក់ ចំពោះសមាជិកសមាជិកាគណបក្ស និងបានដោះស្រាយទុក្ខលំបាកនានា ជាពិសេសក្នុងគ្រា ដែលប្រទេសកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ឯកឧត្តមប្រធាន បានបន្តថា៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី មានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យពិសេសបានផ្តល់សិទ្ធសេរីភាព ផ្តល់កម្មសិទ្ធស្របច្បាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម ក៍បានផ្តាំផ្ញើដល់កូនខ្មែរជំនាន់ក្រោយៗ កុំភ្លេចថ្ងៃ ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់យើង និងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ស្របតាមលទ្ធផល របស់អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំស្ទឹងកាច់ ក៏បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារ:សំខាន់ណាស់ សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត៕អត្ថបទ៖ លោក សេង សុវណ្ណារិទ្ធ