ព្រឹកថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០២៣ សាខាពន្ធដាខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធលើចំណេញមូលធន ពន្ធលើប្រាក់ចំណូល និងការកំណត់ហានិភ័យអ្នកជាប់ពន្ធ ជូនដល់មន្ត្រីរាជការពន្ធដារ រួមទាំងអ្នកជាប់ពន្ធនៅសាខាពន្ធដារខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ។ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ឆាយ សិរីបុត្រ អនុប្រធាននាយកដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ផាវឌី ណូរិន ប្រធានពន្ធដារខេត្ត ព្រមទាំងលោក-លោកស្រីអភិបាលរងក្រុង-ស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំចៅសង្កាត់ ក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលសរុបចំនួន ១៣០នាក់ មកពីទូទាំងក្រុងស្រុកនៅទូទាំងខេត្តប៉ៃលិន។
ថ្លែងក្នុងសិក្ខាសាលានេះ លោកផាវឌី ណូរិន ប្រធានសាខាពន្ធដារ ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការរៀបចំសិក្ខាសិលានៅពេលនេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទបញ្ញតិ្តគោលការណ៍ថ្មីៗមួយ ចំនួនរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនសហគ្រាស អ្នកជាប់ពន្ធ លើការអនុវត្តកាតព្វកិច្ចបង់ពន្ធ និងផ្សព្វផ្សាយពន្ធលើប្រាក់ចំណេញមូលធន(Capital Gain Tax ) ដែលប្រភេទពន្ធនេះមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការសហការចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ក្នុងឆ្នាំ២០២៣ ប្រកបដោយប្រសិទ្ធភាពក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៍ដូចជាប្រទេសជាតិទាំងមូលផងដែរ ស្របតាមនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកប្រធានពន្ធដារខេត្តក៏បានលើកឡើងដែរថា ៖អគ្គនាយកដ្ឋានពន្ធដារបានធ្វើការកែទម្រង់ ដាក់ឱ្យប្រមូលពន្ធតាមរយៈ ប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនចាំបាច់មករកសេវានៅរដ្ឋបាលសារពើពន្ធទេ គ្រាន់តែរៀបចំ ឯកសារគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើក APP ពន្ធដារ លើទូរស័ព្ទដៃ ដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងការរួមចំណែក បំពេញកាតព្វកិច្ចរបស់ខ្លួន បង់ពន្ធជូនរដ្ឋប្រកបដោយប្រសិទ្ធភាពនិងងាយស្រួល។ ជាមួយគ្នានោះលោកបានសង្កត់ធ្ងន់ថា៖ ចំពោះក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលជាអ្នកជាប់ពន្ធ ហើយមិនទាន់យល់ច្បាស់ពីកាតព្វកិច្ចការបង់ពន្ធនិងការបំពេញបែបបទផ្សេងៗអាចអញ្ជើញសាកសួរបន្ថែមនៅសាខាពន្ធដារខេត្តប៉ៃលិនរៀងរាល់ម៉ោងធ្វើការដោយមានមន្ត្រីជំនាញចាំជួយសម្របសម្រួលដល់លោកអ្នកប្រកបដោយវិជ្ជាជីវៈនិងទំនួលខុសត្រូវខ្ពស់ផងដែរ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ពន្ធលើចំណេញមូលធន ពន្ធលើប្រាក់ចំណូល និងការកំណត់ហានិភ័យអ្នកជាប់ពន្ធ គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដារ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធ ឱ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព គុណភាព ឆ្ពោះរកទៅការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកបានលើកឡើងថា៖ ការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យនិងការលើកកម្ពស់សេដ្ឋកិច្ចអោយកាន់តែរីកចម្រើន ដូច្នេះសូមឱ្យបងប្អូន ម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ លោក គោស៊ុំ ប៊ុនសឿត បានផ្តាំផ្ញើរដល់មន្រ្តីសាខាពន្ធដារខេត្តប៉ៃលិនត្រូវយកចិត្តទុកដាក់បន្តគាំទ្រ និងកៀរគរ រកចំណូលទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួន ធានាឱ្យបានចីរភាពកំណើនសេដ្ឋកិច្ច ហើយមានទំនួលខុសត្រូវខ្ពស់លើកិច្ចការប្រមូលពន្ធប្រកបដោយសីលធម៌និងវិជ្ជាជីវៈ ។ ជាមួយគ្នានោះតាមរយៈសិក្ខាសិលានៅពេលនេះ លោកអភិបាលរងខេត្តក៍បានណែនាំដល់ក្រុមហ៊ុន អាជីវកម្ម អាជីវករ និង សហគ្រាសនានា ទាំងចាស់និងថ្មី ដែលជាអ្នកជាប់ពន្ធក្នុងខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ការណែនាំពីគ្រូបង្គោល និងជាពិសេសដាក់ប្រកាសពន្ធ ប្រចាំខែឆ្នាំ និងប្រើប្រាស់វិក្កយប័ត្រចំណូលចំណាយតាមការណែនាំឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីបង្កលក្ខណៈ ងាយស្រួលឱ្យមន្រ្តីជំនាញអនុវត្តការងារទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
លោក ឆាយ សិរីបុត្រ អនុប្រធាននាយកដ្ឋានពន្ធដារ បានថ្លែងថា៖ កាតព្វកិច្ចប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ ឆ្នាំ២០២២ ដែលតម្រូវឲ្យសហគ្រាសរបស់ លោក-លោកស្រីដាក់លិខិតប្រកាសឲ្យបានមុនថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានត្រឹមត្រូវ ជៀសវាងទទួលរងនូវការផាកពិន័យ និងទោសទណ្ឌនានា តាម បទប្បញ្ញតិស្តីពីពន្ធដារ។ លោកបានបន្តថា៖ ខេត្តប៉ៃលិនយើងតូចមែនពិត តែចរន្តពាណិជ្ជកម្មនិងអាជីវកម្មតូច ធំ មានភាពទូលំទូលាយនិងសកម្ម គួរអោយកត់សម្គាល់ ហើយជាមួយគ្នានោះ តែងតែយកចិត្តទុកដាក់ខ្ពស់លើការបង់ពន្ធជូនរដ្ឋគ្រប់ទម្រង់និងការលើកកម្ពស់សេដ្ឋកិច្ចខេត្តប៉ៃលិនអោយកាន់តែខ្លាំងក្លាថែមទៀត។ លោកអនុប្រធាននាយកដ្ឋានពន្ធដារ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ហើយសិក្ខាសាលានេះ ពិតជាបានផ្ដល់នូវចំណេះដឹងថ្មីៗ បន្ថែមទៀតជូនដល់សិក្ខាកាមដែលជាម្ចាស់សហគ្រាស និង អ្នកតំណាងសហត្រាសទាំងអស់ឱ្យបានយល់កាន់តែច្បាស់អំពីច្បាប់ និងបទ បញ្ញត្តិនានាស្តីពី “ពន្ធលើប្រាក់ចំណូល” ។
ក្នុងថ្ងៃជាមួយគ្នានោះ បន្ទាប់ពីចប់សិក្ខាសាលាលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន អញ្ជើញជាអធិបតីភាក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខនិងប្រគល់ថវិកាសមាគមបុគ្គលិកពន្ធដាកម្ពុជា ជូនដល់មន្ត្រីពន្ធដាចូលនិវត្តន៍និងអតីតយុទ្ធជន ចំនួន ០៩នាក់ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ឆាយ សិរីបុត្រ អនុប្រធាននាយកដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ផាវឌី ណូរិន ប្រធានពន្ធដារខេត្ត។
គួរបញ្ជាក់ផងដែរថា៖ ថវិកាដែលបានប្រគល់ជូនមន្ត្រីពន្ធដាចូលនិវត្តន៍ ចំនួន ០៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៧០ម៉ឺនរៀល៕ អត្ថបទ៖ លោក កុល កាយណា