(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងរំលឹកដល់ករណីស្មៀនឃ្មុំមួយរូប នៅក្នុងខេត្តកណ្តាល ដែលបានកិបកេងថវិកា របស់រាជរដ្ឋាភិបាល រាប់រយលានរៀល សម្រាប់បើកឧបត្ថម្ភដល់គ្រួសារក្រីក្រ ក្នុងអំឡុងជំងឺកូវីដ១៩ ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយសម្តេចចាត់ទុកថា ជាកំហុសដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឲ្យបានទេ។
ជុំវិញករណីកិបកេងថវិកានេះ សម្តេចក៏បានផ្តាំផ្ញើទៅដល់មន្ត្រីមូលដ្ឋាន សុំកុំបំផ្លាញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រោះតែប្រយោជន៍ និងលាភសក្ការៈរបស់ខ្លួនឯង។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានប្រឹងណាស់ កុំបំផ្លាញអ្វីដែលជាការខិតខំរួមរបស់ជាតិ និងប្រជាជនហើយយកទៅធ្វើមានធ្វើបាន បំផ្លាញនូវសេចក្តីសុខរបស់ប្រជាជន ដែលត្រូវបានទទួលផលរាប់សិបគ្រួសារ»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចំពោះមន្ត្រីស្មៀនឃុំ ដែលប្រព្រឹត្តអំពើពុករលួយនោះ មិនមានការលើកលែងត្រឹមតែសងថវិការដ្ឋវិញរួចខ្លួនទេ គឺត្រូវធ្វើការចោទប្រកាន់ផ្តន្ទាទោសដាក់គុកថែមទៀត។ សម្តេចតេជោបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងខ្លាំងណាស់ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ការរីករាលដាលជំងឺកូវីដ១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអត្រាអតិផរណា ដោយបានផ្តល់សាច់ប្រាក់សម្រាប់ការឧបត្ថម្ភ ប្រមាណជាង ១ពាន់លានដុល្លាររួចមកហើយ ដើម្បីកុំប្រជាពលរដ្ឋកាន់តែធ្លាក់ចូល ក្នុងបន្ទាត់ក្រីក្រថែមទៀត។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងបន្តវាយតម្លៃក្នុងរយៈពេល៣ខែម្តង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគាំទ្រ ក្នុងការកំណត់ក្រុមគោលដៅឱ្យស្រប តាមគោលការណ៍ណែនាំ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បីធានានូវប្រសិទ្ធភាព សុចវិតភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គម ដែលរួមការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៕