ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ការបង្ហោះតាមបណ្តាញសង្គមរបស់ទណ្ឌិត ក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លីន លើព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា “ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ » និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះទណ្ឌិតអន្ធពាល សម រង្ស៊ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមានយ៉ាងគឃ្លីននេះ។
យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាគាំទ្រ និងដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រព្រះប្រមុខរដ្ឋជាទីគោរពសក្ការៈ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យ ស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទីដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយម របស់ជនក្បត់ជាតិ៣ជំនាន់ឱ្យអស់ពីកម្ពុជាដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋខ្មែរ៕
រដ្ឋបាលខេត្តប៉ៃលិន