ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការប្រកាសផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានគោលបំណងដើម្បីប្រកាសផ្លូវការអំពីការផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម, ពិភាក្សាបញ្ជាក់អំពីយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការអនុវត្ត និងដើម្បីពិគ្រោះអំពីផែនការថវិកាសកម្មភាពនិងថវិកាសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣។
សូមជម្រាបជូនថា គោលបំណងរបស់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជំរុញកំណើនវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដោយផ្អែកលើការបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈការនាំចេញនិងទីផ្សារក្នុងស្រុក។ អ្នកទទួលផលគោលដៅ គឺគ្រួសារកសិករខ្នាតតូចចំនួន ១០ម៉ឺនគ្រួសារ និងគ្រួសារកសិកម្មគ្មានដី ឬគ្រួសារក្រីក្រចំនួន ២ម៉ឺន ៥ពាន់គ្រួសារ មានលទ្ធភាពទាញយកកាលានុវត្តភាពការងារក្នុងវិស័យកសិកម្ម។ គ្រួសារទាំងពីរក្រុមនេះ នឹងត្រូវបានសម្រេចតាមគោលដៅ តាមរយៈការគាំទ្រដោយផ្ទាល់ពីក្រុមអ្នកផលិតំនួន ៥០០ក្រុម និងសហគ្រាសកសិកម្មខ្នាតតូច និងមធ្យម៕