(អន្តរជាតិ)៖ ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអង្គារទី២១ខែកុម្ភៈថា ឧស្សាហកម្មយោធារបស់ប្រទេសស៊ែប៊ី បានបង្កើនការផលិតសព្វាវុធ និងគ្រាប់រំសេវ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងយ៉ាងគំហុក ដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។អំឡុងពេលទៅទស្សនាពិព័រណ៍អាវុធ IDEX នៅប្រទេសអារ៉ាប់រួម លោក Vucic និយាយថា ពិភពលោកកំពុងរៀបចំសម្រាប់សង្គ្រាម។ មនុស្សគ្រប់រូបត្រូវការគ្រាប់រំសេវ។ អ្នករាល់គ្នាកំពុងទិញអ្វីគ្រប់យ៉ាង អ្វីដែលយើងអាចធ្វើបានគឺការលក់អាវុធ។
ប្រធានាធិបតីស៊ែប៊ីបានបន្ថែមថា តម្រូវការសម្រាប់របស់នានា ដូចជាគ្រាប់រ៉ុកកែតសម្រាប់ប្រព័ន្ធបាញ់បង្ហោះពហុមុខងារ “Grad” គឺបានកើនឡើង៧០%។ លោកកត់សម្គាល់ថា ទីក្រុង Belgrade កំពុងព្យាយាមពង្រីកការផលិតគ្រាប់រំសេវមួយចំនួនរបស់ខ្លួន។ គ្រាប់រំសេវលក់ដូចជានំខេកអ៊ីចឹង។យោងតាមលោក Vucic, រុស្ស៊ីប្រើប្រាស់រហូតដល់ទៅ ៣៥០០០ គ្រាប់ក្នុងមួយថ្ងៃ ហើយអ៊ុយក្រែនប្រហែល ១៦០០០គ្រាប់។ ប្រទេសស៊ែប៊ី ក៏កំពុងព្យាយាមទុកគ្រាប់សម្រាប់ប្រើខ្លួនឯងដែរ។លោកអះអាងថា “យើងត្រូវតែគិតជាចម្បងដល់កងទ័ព និងប្រទេសរបស់យើង។ យ៉ាងហោចណាស់ ៣០% នៃអ្វីគ្រប់យ៉ាងដែលផលិតនៅក្នុងប្រទេសស៊ែប៊ី គឺត្រូវតែទុកនៅក្នុងប្រទេសស៊ែប៊ី។ យើងអាចលក់តែអ្វីដែលយើងអាចចែកចាយបានប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាចង់ប្រយុទ្ធ គ្រប់គ្នាត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម”។គួរបញ្ជាក់ថា ការតាំងពិព័រណ៍ការពារជាតិពិភពលោក IDEX 2023 ដែលប្រារព្ធឡើងនៅទីក្រុង Abu Dhabi គឺជាពិព័រណ៍អាវុធដ៏ធំបំផុតមួយលើពិភពលោក។ ព្រឹត្តិការណ៍សប្តាហ៍នេះមានក្រុមហ៊ុនចូលរួមចំនួន១៣៥០ មកពី៦៥ប្រទេស៕