(ប្រទេសថៃ)៖ ថៃ នឹងធ្វើការដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិករបស់ខ្លួន ហើយប្រទេសនេះ គ្រោងហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទនៅឆ្នាំ២០២៥។ កាលពីថ្ងៃពុធទី២២ខែកុម្ភៈ គណៈរដ្ឋមន្ត្រីថៃ បានធ្វើការសម្រេចចិត្តហាមឃាត់លើការនាំចូលកាកសំណល់ប្លាស្ទិកទាំងអស់ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ទៅ។
ទន្ទឹមនឹងនោះ នៅឆ្នាំនេះ សម្រាប់រោងចក្រកែច្នៃចំនួន១៤ នៅក្នុងតំបន់មិនបង់ពន្ធ បរិមាណកាកសំណល់ដែលនាំចូល មិនត្រូវលើសពីសមត្ថភាពផលិតរួមរបស់ពួកគេគឺ ៣៧២ ៩៩៤ តោននោះទេ។ ហើយនៅឆ្នាំ២០២៤ បរិមាណសំណល់ប្លាស្ទិកដែលត្រូវបានអនុញ្ញាតឲ្យនាំចូលសម្រាប់រោងចក្រទាំងនេះ នឹងត្រូវកាត់បន្ថយមកត្រឹមពាក់កណ្តាលនៃសមត្ថភាពផលិតរួមរបស់ពួកគេ។ស្របពេលជាមួយគ្នានោះដែរ អ្នកនាំចូលដែលមានបំណងយកកាកសំណល់ប្លាស្ទិកទៅក្រៅតំបន់គ្មានការបង់ពន្ធ នឹងត្រូវបង្ហាញព័ស្តុតាងដែលថា ការនាំចូលគឺចាំបាច់ដោយសារតែកង្វះការផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ពួកគេ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Tipanan Sirichana និយាយថា បទប្បញ្ញត្តិដ៏តឹងរ៉ឹង និងការហាមឃាត់ជាលើការនាំចូលកាកសំណល់ប្លាស្ទិក គឺមានគោលបំណងការពារបរិស្ថាន និងគ្រប់គ្រងការបំពុល ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ថៃស្ថិតក្នុងចំណោមប្រទេសកំពូលៗ ដែលតស៊ូជាមួយបញ្ហាសំណល់ប្លាស្ទិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍប្រទេសថៃ (TDRI) បានបញ្ជាក់ថា ប្រទេសថៃមានកាកសំណល់ជាមធ្យម ១.០៣តោនក្នុងមួយឆ្នាំៗ ហើយស្ទើរតែពាក់កណ្តាលនៃកាកសំណល់ទាំងនោះបានហូរចូលទៅក្នុងសមុទ្រ៕