ភ្នំពេញ៖ ផ្ទះពលរដ្ឋដែលស្តុកគ្រឿងដេរពូកឡានមួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស និងរាលដល់ដល់ផ្ទះអ្នកដទៃឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៣ ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុផ្ទះដែលឆាប់ឆេះត្រូវបានចាក់សោរទុកចោល។ ស្រាប់តែឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះពលរដ្ឋជិតខាងក៏បាននាំគ្នា ជួយយកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ និងអ្នកខ្លះជួយទំនាក់ទំនងទៅអាជ្ញាធរ ដើម្បីចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។
ភ្លាមៗនោះក្រោយទទួលបានព័ត៌មានលោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។
ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់គីភ័យអស់ចំនួន ០៦គ្រឿងទើបអន្តរាគមន៍ពន្លត់ភ្លើងរលត់ជាស្ថាពរនិងបណ្ដាលឲ្យខូចខាតផ្ទះមួយល្វែងនិងសម្ភារៈខាងក្នុងមួយចំនួនធំ តែសំណាងល្អមិនបានឲ្យមាននរណាម្នាក់រងរបួសឡើយនៅក្នុងហេតុការណ៍នេះ។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕