នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូចក្នុងវិស័យព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន បណ្ដាខេត្តមួយចំនួន អ្នកសារព័ត៌មានជុំវិញខេត្ត នឹងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តជាច្រើននាក់ទៀត ។
មានប្រសាសន៍ស្វាគមន៍លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានសម្ដែងការសាទរចំពោះវត្តមានប្រតិភូក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ដែលបានអញ្ជើញមកពីបណ្ដាខេត្តចំនួន១០ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តប៉ៃលិន ។ ហើយ លោកប្រធានមន្ទីរក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្នុងអង្គភាពនៃមន្ទីរព័ត៌មានខេត្តព្រមទាំងសកម្មភាពនៃការអនុវត្តជាប្រចាំនៅក្នុងអង្គភាព។ ជាមួយគ្នានោះ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្ដប៉ៃលិនបានរាយការណ៍ថា ខេត្តប៉ៃលិន បានគូសបញ្ជាក់ថា៖ ប្រព័ន្ធផ្សព្វផ្សាយកំពុងអនុវត្តតួនាទីយ៉ាងសំខាន់ជាកញ្ចក់ឆ្លុះបញ្ចាំងទិដ្ឋភាពដែលកើតមានឡើងក្នុងខេត្ត ស្របតាមមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសសកម្មភាពរបស់រដ្ឋបាលខេត្ត និងចុះយកព័ត៌មាននិងផ្សាយជាប្រចាំផងដែរ។
លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានមតិស្វាគមន៍ដោយលើកឡើងថា សិក្ខាសាលា ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច គឺជាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ពិសេសមាតា បិតា អាណាព្យាបាលឱ្យទទួលបាននូវចំណេះដឹង អំពីវិធីគាំពារ និងអភិវឌ្ឍកុមារតូច ឆ្លើយតបនឹងភារកិច្ចដ៏ឧត្តុងឧត្តមក្នុងស្មារតីសហការប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព រួមចំណែកសម្រេចគោលដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកអភិបាលរងខេត្តបានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបយកនូវចំណេះដឹង អំពីសេវាគាំពារនិងការអភិវឌ្ឍកុមារតូច ចាប់ពីចាប់កំណើតរហូតដល់អាយុក្រោម០៦ឆ្នាំព្រមទាំងការទទួលបាននៅសេវាថែទាំសុខភាពរបស់មាតានិងដំណោះស្រាយនានាចំពោះការប្រឈមរបស់កុមារតូចនិងមាតាចាប់ពីមានផ្ទៃពោះរហូតដល់សម្រាល ។លោកអភិបាលរងខេត្តក៏បានបន្ថែមទៀតថា៖ កុមារតូចចាប់ពីថ្ងៃសម្រាល រហូតដល់ថ្ងៃសិក្សាគឺមានការអភិវឌ្ឍន៍ផ្នែករាងកាយចំណេះដឹង និងប្រាជ្ញាស្មារតី និងអារម្មណ៍ ជាពិសេសធនធានកុមារនៅខេត្តប៉ៃលិន ដែលជាទំពាំងស្នងឬស្សីមួយដ៏ចាំបាច់ផងដែរ។
មានប្រសាសន៍បើកសិក្ខាសាលាឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងផ្តល់ការយល់ដឹងដល់មន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ និងធ្វើការផ្សព្វផ្សាយដល់មាតាបិតាមានភារកិច្ចលើកកម្ពស់ការអភិវឌ្ឍន៍ផ្នែករាងកាយ សុខភាព សីលធម៌ វប្បធម៌ និងអភិវឌ្ឍន៍សង្គម ព្រមទាំងការអភិវឌ្ឍន៍ផ្នែកបញ្ញាស្មារតីរបស់កុមារ ឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្រោមពាក្យ ស្លោក (កុមារល្អ យុវជនល្អ ពលរដ្ឋល្អ)។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងពត៌មាន មានប្រសាសន៍បន្តថា គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ចំណុចសំខាន់របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន គឺធានានូវការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាពដោយយកចិត្តទុកដាក់ដល់កុមារតូច ពិសេសកុមារតូចងាយរងគ្រោះមានដូចជា កុមារតូចជនជាតិដើមភាគតិច និងកុមារមានពិការភាព។ ជាមួយគ្នានោះគឺការពង្រឹងយន្តការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់ឱកាសពេញលេញឱ្យពួកគេ ផ្ដល់អាទិភាពចំពោះក្មេងស្រី និងក្មេងនៅតំបន់ជនបទដាច់ស្រយាល។ ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវយកចិត្តទុកដាក់សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកម្មវិធីអប់រំមាតាបិតា ដោយផ្ដោតការយកចិត្តទុកដាក់លើសេវាអាហាររូបត្ថម្ភ អនាម័យ ការថែទាំ និងប្រើប្រាស់សេវាសុខាភិបាលឱ្យកាន់តែមានសារៈសំខាន់ក្នុងការកសាងធនធានមនុស្សស្របតាមសំណូមពរ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្រោមពាក្យស្លោក “កុមារល្អ យុវជនល្អពលរដ្ឋល្អ” ទៀតផង៕ អត្ថបទ៖ លោក កុល កាយណា