ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់ បើករថយន្តទំនើបបុ.ករះម៉ូតូចំនួន៨គ្រឿង ដែលចតទុកចោល មុខហាងកាហ្វេ ហើយចុះគេចខ្លួនបាត់ ។ បន្ទាប់ពីកើតហេតុ ម្ចាស់ម៉ូតូរងគ្រោះចំនួន៧គ្រឿង បានដាក់ពាក្យបណ្តឹង នៅសល់តែម្ចាស់ម៉ូតូ១គ្រឿងប៉ុណ្ណោះ មិនបានដាក់ពាក្យបណ្តឹងនោះទេ ក្រោយមកបងប្អូនរបស់នារីបើករថយន្តបង្កចូលខ្លួនមកដោះស្រាយ និងសងសំណងជូនម្ចាស់ម៉ូតូរងគ្រោះ៧ នាក់ នៅទីស្នាក់ការចរាចរណ៍មាត់ស្ទឹងសៀមរាប។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីរសៀលថ្ងៃទី ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅខាងត្បូងវង្វង់មូលផ្សារចាស់ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
រថយន្តទំនើបមួយគ្រឿងខាងលើម៉ាក Meceder ML500 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AF-៥៧១២ បើកបរដោយនារីវ័យក្មេងម្នាក់មិនស្គាល់អត្តសញ្ញាណ ។
មន្ត្រីចរាចរណ៍បានប្រាប់នៅរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តទំនើបមួយគ្រឿងម៉ាក Meceder ML៥០០ ពណ៌ខ្មៅ បើកបរ មកពីទិសដៅពីកើតទៅលិច ជ្រុលចង្កូតទៅបុ.ករះម៉ូតូចំនួន៨គ្រឿង ដែលចតទុកចោលនៅមុខហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកវរនីយ៍ទោ ជា វុទ្វី នាយរងការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប៉ុន្តែត្រូវបានលោកវរសេនីយ៍ឯក សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ប្រគល់តួនាទី ដើម្បីឱ្យជួយដោះស្រាយបានទេ ដោយសារទូរស័ព្ទចូលជាច្រើនលើក តែគ្មានអ្នកទទួល ។
បច្ចុប្បន្ន ម៉ូតូចំនួន៧គ្រឿង ត្រូវបានបងប្អូនរបស់អ្នកបើកបរបង្ក កំពុងដោះស្រាយនៅមុខមន្ត្រីនគរបាលចរាចរណ៍ មាត់ស្ទឹងសៀមរាប៕