ភ្នំពេញ៖ ក្រសួងសាធារណការ បានបង្ហាញឱ្យដឹងថា ឆ្នាំ២០២២កន្លងទៅក្រសួងបានចុះបញ្ជីយានយន្ដចំនួន ៥២០.៦១៦គ្រឿង ក្នុងនោះម៉ូតូ ៤៣៧ ៤៩៥ គ្រឿង រថយន្ដគ្រប់ប្រភេទ ៨៣ ១២១គ្រឿង ចំនួននេះមានការកើនឡើង ២,៧៦% បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥០៦ ២២៦គ្រឿង។
នេះបើយោងតាមរបាយការណ៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ របាយការណ៍ ដដែលបានបន្ថែមទៀតថា ចំពោះយានយន្តអគ្គិសនី គិតត្រឹមឆ្នាំ២០២២ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួ ៧៣១ គ្រឿង និងមានស្ថានីយបញ្ចូលថាមពលយានយន្តដើរដោយថាមពលអគ្គិសនីចំនួន ៩ទីតាំង ដែលមាននៅទីស្តីការក្រសួងសាធារណការចំនួន៤ នៅស្ថានីយប្រេងឥន្ធនៈកាល់តិចចំនួន១ នៅផ្សារទំនើប AEON MALL សែនសុខចំនួន១ នៅខេត្តសៀមរាប ចំនួន១ នៅខេត្តបាត់ដំបងចំនួន១ និងខេត្តព្រះសីហនុចំនួន១៕