ខេត្តស្ទឹងត្រែង ៖ ករណីទូកមួយគ្រឿង ផ្ទុកមនុស្សចំនួន០៨នាក់ បានលិចនៅពេលឆ្លងកាត់តំបន់ទឹកគួចខ្លាំង តាមដងទន្លេមេគង្គនោះ ត្រូវជួយសង្គ្រោះបានចំនួន០៤នាក់ ខណៈអាជ្ញាធរមានសមត្ថកិច្ច កំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន០៤នាក់ទៀត ។
ឧបទ្ទវហេតុលិចទូកអ្នកភូមិមួយគ្រឿងនេះ កើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមដងទន្លេមេគង្គ ចំណុចកន្ទុយកោះហាន ក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
លោក វ៉ាន់ សំផន មេឃុំកោះស្នែង បានឲ្យដឹងថា ទូកតូចមួយគ្រឿងដែលជួបឧបទ្ទវហេតុនោះ គឺជាទូកប្រភេទនេសាទត្រី របស់ប្រជាពលរដ្ឋរស់នៅភូមិកោះកីខណៈដែលពួកគេធ្វើដំណើរជាក្រុមគ្រួសារ រួមមានបងប្អូនសាច់ញាតិ តាមទូកឆ្ពោះទៅភូមិខាំផាន់ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបរលក់ដូរ ។
លោក វ៉ាន់ សំផន បានបន្តថា មនុស្សជិះលើទូកនោះរហូតដល់០៨នាក់ និងដឹងសម្ភារផ្សេងទៀត ។ លុះពេលទូកឆ្លងកាត់តំបន់ទឹកហូរគួចខ្លាំង ក៏បណ្ដាលឲ្យលិចតែម្ដង ។
លោកមេឃុំកោះស្នែង បន្ថែមថា ទូកលិចភ្លាមៗនោះ អ្នកខ្លះបានទាញសម្ភារនៅលើទូកមកតោងយករួចខ្លួន ។ រីឯអ្នកផ្សេងទៀត ត្រូវទូកនេសាទផ្សេងឃើញ ក៏ជួយសង្គ្រោះ ។
ក្នុងចំណោមមនុស្សដែលបាត់ខ្លួនទាំង៤នាក់ (ក្នុងនោះមានក្មេង០២នាក់) រួមមាន ៖
ទី១-ឈ្មោះ សុត មី ភេទប្រុស អាយុ៥៦ឆ្នាំ
ទី២-ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ២៥ឆ្នាំ
ទី៣-ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ
និងទី៤-ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ ។
គិតមកដល់រសៀល ថ្ងៃទី១៤ ខែកុម្ភៈនេះ សមត្ថកិច្ចកំពុងស្វែងរកអ្នកបាត់ខ្លួន មិនទាន់រកឃើញនៅឡើយទេ ខណៈដែលប្រទះឃើញតែទូក ប៉ុន្តែម៉ាស៊ីនបានលិចបាត់ក្នុងទឹកទន្លេមេគង្គ ៕