មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា ភ្នំត្បែងជាគោលដៅទេសចរណ៏ដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលមកទស្សនា។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ សម្បូរទៅដោយធនធានធម្មជាតិ មានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង តាមដំណាក់នៃភ្នំ លាយឡំនិងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល និងជាតំបន់មានសក្តានុពលសម្រាប់ ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅថ្ងៃអនាគត ជាពិសេសជាជម្រកសត្វព្រៃជាច្រើនប្រភេទ ។
លោកបន្តថា តំបន់ទេសចរណ៍ភ្នំត្បែង មិនត្រឹមតែជាកន្លែងទស្សនាធម្មជាតិ ទស្សនាសត្វព្រៃ និងងូតទឹកធ្លាក់ ប៉ុណ្ណោះទេ តែជាកន្លែងសម្រាកលំហែរកាយ ឬការជួបជុំបោះជំរុំ បង្កើនអនុស្សាវរីយ៍ ពិសេសគឺបំរើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមនុស្សជំនាន់ក្រោយផងដែរ។
នៅលើភ្នំត្បែងនេះមានធនធានដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើងគ្រប់គ្រងអភិវឌ្ឍន៍ប្រើបម្រើដល់វិស័យទេសចរណ៍មានប្រជាពលរដ្ឋនិងអ្នកមកពីក្រៅខេត្តធ្វើដំណើរទស្សនាកម្សាន្តជាស្ទើជារៀងរាល់ខែឬសប្តាហ៍ហើយស្ថានភាពដែលឡើងទៅគឺមួយផ្នែកឡើងតាមជណ្ដើរថ្មយើងនិងហើយមួយផ្នែកទៀតយើងឡើងតាមស្ថានភាពផ្លូវដែលរៀបចំដោយសហគមន៍មានន័យថាផ្លូវថ្មើរជើងមិនមានជណ្តើទេឡើងតាមសម្រាលភ្នំ គណៈកម្មការសហគមន៏គាត់អាចនាំទៅបាន ក្រៅពីនេះយើងក៏មានកន្លែងសក្ការៈដោយមានវត្តមានព្រះសង្ឃគង់នៅលើហ្នឹងសម្រាប់ប្រជាពលរដ្ឋយកចង្ហាន់ទៅប្រគេនព្រះសង្ឃឬក៏ទៅទស្សនាកម្សាន្ត។
គួរបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តព្រះវិហារ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខេត្ត មានគម្រោងប្រែក្លាយតំបន់សក្តានុពលទេសចរណ៍ បេតិកភណ្ឌភ្នំត្បែង អោយកាន់តែមានភាពស្រស់ស្អាត និងភាពទាក់ទាញកាន់តែប្រសើរបន្ថែមទៀត ដើម្បីបំរើរការសម្រាក កំសាន្តនៃដំណើរទស្សនារបស់អ្នកទេសចរ។