(ណូវ៉ែលសេឡង់)៖ ប្រជាជននៅក្នុងទីក្រុងធំបំផុត របស់ប្រទេសណូវ៉ែលសេឡង់ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ទទួលបានការក្រើនរំលឹកឱ្យត្រៀមខ្លួន សម្រាប់វត្តមានរបស់ខ្យល់ព្យុះមួយប្រភេទ ដែលបានវាយប្រហារកោះ Norfolk របស់ប្រទេសអូស្ត្រាលីពេញមួយយប់ថ្ងៃសៅរ៍។
ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់អូស្ត្រាលី បានអះអាងថា ខ្យល់ព្យុះ Gabrielle និងជាខ្យល់ព្យុះត្រូពិចសាយក្លូនប្រភេទទី២ ដោយនាំមកនូវប្រព័ន្ធសម្ពាធទាប បានបោកបក់ឆ្លងកាត់កោះ Norfolk របស់អូស្ត្រាលីពេញមួយយប់ ហើយខ្យល់ព្យុះនេះ ក៏ជាប្រភេទខ្យល់ព្យុះដ៏សាហាវបំផុតមួយផងដែរ ។
ទីភ្នាក់ងាររបស់អូស្រ្តាលី និងភ្នាក់ងារព្យាករណ៍អាកាសធាតុ MetService របស់ណូវ៉ែលសេឡង់ ក៏បានបន្ថែមថា ព្យុះសាយក្លូន Gabrielle នឹងបន្តបក់បោកក្នុងចម្ងាយ ១,៤៦០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងប្រទេស ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ផ្សេងៗ ។MetService បានបន្តថា ខ្យល់ និងភ្លៀងនឹងធ្លាក់រាយប៉ាយពីភាគខាងជើងប្រទេស ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ទន្ទឹមគ្នានេះ ជើងហោះហើរក្នុងតំបន់ Tasman និងកោះ Pacific រួមទាំងសេវាកម្មផ្សេងៗក្នុងតំបន់ Auckland របស់ណូវ៉ែលសេឡង់ នឹងផ្អាកជាបណ្តោះអាសន្ននៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។
សូមរំលឹកថា កាលពីខែមុន ជនរងគ្រោះ ៤នាក់បានស្លាប់ក្នុងហេតុការណ៍ជំនន់បង្កដោយទឹកភ្លៀង នៅក្នុងទីក្រុង Auckland ជាទីក្រុងធំបំផុតក្នុងប្រទេសណូវ៉ែលសេឡង់ ៕