ថៃ ៖ កាលពីពេលថ្មីៗកន្លងទៅ តាមប្រភពពីសារព័ត៌មាន South China Morning Post ចេញផ្សាយ ថា កសិករដាំដុះដំណាំទុរេន នៅក្នុងប្រទេសថៃ កំពុងបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទិដ្ឋភាពនៃការប្រជែងគ្នារវាងប្រទេសថៃ និងវៀតណាម។ ពោលគឺនៅពេលដែលដំណាំទុរេនស្រស់ របស់វៀតណាម ត្រូវបាននាំចេញ ជាលើកដំបូង ទៅកាន់ប្រទេសចិនក្រោមកូតាផ្លូវការនេះ។លោកស្រី Busaba Nakpipat ដែលជាកសិករដាំដុះដំណាំទុរេនរបស់ប្រទេសថៃ បាននិយាយថា «ថៃធ្លាប់ជាប្រទេសតែមួយគត់ ដែលអនុញ្ញាតឱ្យមានការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន ខណៈដែលវៀតណាមធ្លាប់នាំចេញទុរេនកែច្នៃតែប៉ុណ្ណោះ។
ប៉ុន្តែឥឡូវនេះ វៀតណាមគឺជាគូប្រជែងរបស់ពួកយើង ដែលកំពុងធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ»។ អំឡុងពេលធ្វើដំណើរទៅប្រទេសវៀតណាម កាលពីខែកញ្ញាកន្លងទៅ លោកស្រី Busaba បានឃើញការកើនឡើងនៃចំនួនចម្ការទុរេននៅទីនោះ ហើយថែមទាំងបានមើលឃើញអំពីសក្តានុពលដ៏ធំមួយនៅក្នុងប្រទេសនេះ ដើម្បីពង្រីកការដាំដុះដាំំណាំផ្លែឈើពិសេសបន្ថែមទៀត។ប្រទេសវៀតណាមបាននឹងកំពុងនាំចេញទុរេនកែច្នៃទៅកាន់ប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែឥឡូវនេះ ការនាំចេញទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំរបស់ពិភពលោកមួយនេះ ត្រូវបានអនុម័តជាផ្លូវការ ហើយកសិករក្នុងស្រុករបស់វៀតណាម កំពុងមើលឃើញអំពីឱកាសដ៏ល្អក្នុងការទទួលបានប្រាក់ចំណេញកាន់តែច្រើន។ ប្រទេសចិនបានអនុម័តការនាំចូលទុរេនស្រស់ ពីវៀតណាមលើផ្ទៃដីជិត៣ពាន់ហិកតា ដោយត្រូវចំណាយពេល៤ឆ្នាំ ដើម្បីចរចារការអនុម័តរបស់វៀតណាម។ ខណៈដែលប្រទេសចិនបានក្លាយទៅជាទីផ្សារដ៏លំបាកជាមួយនឹងការទាមទារស្តង់ដារគុណភាពខ្ពស់។លោក To Ngoc Son អនុប្រធានផ្នែកអាស៊ី និងអាហ្វ្រិក ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានថ្លែងយ៉ាងដូច្នេះថា «ការនាំចេញរបស់យើង ត្រូវបំពេញតាមស្តង់ដារអ្នកប្រើប្រាស់ចិន ហើយយើងត្រូវគោរពតាមបំណងប្រាថ្នា និងបទប្បញ្ញត្តិរបស់ពួកគេ»។
គួរបញ្ជាក់ថា ថៃគឺជាប្រទេសដំបូងគេ ដែលបាននាំចេញទុរេនស្រស់ទៅប្រទេសចិន។ កាលពីឆ្នាំ២០២១ ការនាំចេញទុរេនថៃទៅចិន បានកើនឡើងក្នុងអត្រា៦៨% ជាមួយបរិមាណដល់ជាង ៨៧៥,០០០តោន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កសិកររបស់វៀតណាមមានប្រៀបជាងសមភាគីថៃ ដោយសារតែពួកគេអាចមានលទ្ធភាពជ្រើសរើសទុរេនសម្រាប់នាំចេញយឺតជាងនៅប្រទេសថៃ។លោក Sakda Sinives មន្ត្រីជំនាញផ្នែកកសិកម្មរបស់ថៃ បានថ្លែងប្រាប់សារព័ត៌មាន South China Morning Post ថា ការដឹកជញ្ជូនទំនិញពីវៀតណាមចំណាយពេលតិចជាងថៃ ដើម្បីទៅដល់ប្រទេសចិន។ ទោះបីជាមិនមានភាពខុសគ្នាច្បាស់លាស់អំពីរសជាតិយ៉ាងណាក៏ដោយ តែទុរេនរបស់វៀតណាមនឹងឡើងថ្លៃបន្តិចម្ដងៗពីសំណាក់អ្នកទិញ។
ខណៈតម្លៃទុរេនពីថៃនឹងធ្លាក់ចុះ ដោយសារតែបញ្ហាត្រួតពិនិត្យគុណភាពនេះហើយ ជាមូលហេតុដែល ផលិតកម្មទុរេនរបស់ថៃនឹងធ្លាក់ចុះ។ កសិករមិនអាចទទួលបន្ទុកលើថ្លៃការចំណាយបានទៀតនោះទេ»។ លោកបន្ថែមថា ពាណិជ្ជករជាច្រើន ដែលកំពុងប្រតិបត្តិការនៅថៃច្រើនជាង២ឬ៣នាក់ ដែលដើរតួជំនួសអ្នកទិញពីចិនដីគោក បានផ្លាស់ប្តូរទៅទីផ្សារវៀតណាម ដោយទាក់ទាញប្រាក់ចំណេញខ្ពស់ ទោះបីជាកសិដ្ឋានវៀតណាមតិចតួចបំផុតបានទទួលការយល់ព្រមលើការនាំចេញទៅចិនយ៉ាងក៏ដោយ។ទោះជាយ៉ាងណាក៏ដោយ លោក លោកមន្ត្រីវៀតណាមបាននិយាយថា កសិករក្នុងប្រទេសនៅមានដំណើរវែងឆ្ងាយទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តង់ដារ និងការអនុវត្តរបស់ពួកគេ ដើម្បីធានាបាននូវការនាំចេញផ្លែឈើដែលមានគុណភាពខ្ពស់។ ខណៈចម្ការទុរេនជិត ៣ពាន់ហិកតា ត្រូវបានអនុម័តសម្រាប់ការនាំចេញទៅប្រទេសចិនមានត្រឹមតែ ៣,៥% នៃផ្ទៃដីសរុបសម្រាប់ការដាំដុះតែប៉ុណ្ណោះ។នៅក្នុងខេត្តដាឡាក់ (Dak Lak) ដែលជាកន្លែងមានចម្ការទុរេនច្រើនជាងគេនោះ មានតែពាក្យស្នើសុំចំនួន១៦ប៉ុណ្ណោះ នៅក្នុងចំណោម ២៥សំណើ ដែលត្រូវបានអនុម័តដោយមន្ត្រីចិន៕
ប្រភព៖ South China Morning Post និង VnExpress