(កំពង់ស្)ពឺ ៖ នៅពេលថ្មីៗនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រាជរដ្ឋាភិបាលបានជំរុញឱ្យពលរដ្ឋធ្វើការដាំដុះបន្លែបង្ការ ដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ការខិតខំដាំដុះនេះ បានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ការលើកឡើងបែបនេះ គ្រាដែលលោកដឹកនាំក្រុមការងារចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍អមលាំង ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចក្រសួងកសិកម្ម រួមទាំងរដ្ឋបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តបងប្អូនប្រជាកសិករឱ្យពង្រីកការចិញ្ចឹមសត្វ ធ្វើស្រែនិងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ពិសេស ទទួលបានប្រាក់ចំណូលបន្ថែមទៀត ។សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី ។ជុំវិញការលើកទឹកចិត្តឱ្យមានការដាំដុះនេះ លោក សួង វេង ប្រធានសហគមន៍ផ្សារបន្លែអមលាំងបានលើកឡើងថា លោកក៏ដូចសមាជិកសហគមន៍បានធ្វើការដាំដុះបន្លែសុវត្ថិភាពរយៈពេលបីឆ្នាំមកហើយ។
ជីវភាពគ្រួសារនិងការសិក្សារបស់កូនៗមួយផ្នែកធំបានពឹងផ្អែកទៅលើការដាំដុះនេះ ។លោកថា បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះសហគមន៍របស់លោកសឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះ បន្លែទាំងអស់ដែលផលិតបានក្រៅតែពីលក់ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំទៅផ្គត់ផ្គង់ទីផ្សារនៅឯរាជធានីភ្នំពេញពិសេសនៅតាមផ្សារទំនើបនានា។ ជាមួយនិងទីផ្សារល្អ លោក សួង វេង ក៏បានបង្ហាញនូវអារម្មណ៍រីករាយផងដែរ ខណៈដែលតំលៃនៃបន្លែលក់បានថ្លៃគួរសម ដោយសព្វថ្ងៃលោកអាចលក់ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ក្នុងមួយគីឡូក្រាម៤០០០រៀល រីឯសាឡាត់អាចលក់បានលើសពីនេះ គឺលក់បានចាប់ពី៥០០០រៀល ទៅ៦០០០រៀលក្នុងមួយគីឡូក្រាម ហើយការដាំត្រឹមតែមួយខែប៉ុណ្ណោះអាចប្រមូលផលបានជាង២តោន ៕