នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ ២០២៣ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំប្រតិភូចូលរួមប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម Monsit Paisanthanawat (ម៉នសិទ្ធ ផៃសានឋាណាវ៉ាត ) អភិបាលខេត្តចាន់ បុរី នៃព្រះរាជាណាចក្រថៃ នៅរីសត Soidao Goodviews Resort (ស៊យដាវ ហ្គូដវីយីវ រីសត) ដែលស្ថិតនៅ ស្រុកពោងណារ៉ន ខេត្តចាន់ថៈបូរី ដើម្បីធ្វើការពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅ ជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតនិងការនាំដំណាំកសិផល និងបញ្ហាគម្រោងការសាងសង់ស្ពានថ្មីនៅច្រកទ្វារអន្តរជាតិព្រំ ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានស្នើរដល់ សមភាគីខេត្តចាន់បុរី ប្រទេសថៃ សូមបន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើចរាចរណ៍ ផ្លាស់ប្តូរទំនិញឆ្លងកាត់ ព្រំដែនរវាងខេត្តទាំង២ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសគឺកសិផល ដែលជាដង្ហើម សេដ្ឋកិច្ចដ៍សំខាន់ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ បញ្ជាក់ថា៖ កន្លងមករដ្ឋបាលខេត្តចាន់បុរីនៃព្រះរាជាណាចក្រថៃ និងខេត្តប៉ៃលិនបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យដើម្បីបម្រើ ឱ្យផលប្រយោជន៍របស់ប្រជាជន និង ប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ដែលនេះបង្ហាញអោយឃើញពីទំនាក់ទំនងល្អមិនអាចកាត់ថ្លៃបានក្រោមដំបូលសុខសន្តិភាពពេញលេញ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ហុក សុផល ក៍បានសំណូមពរដល់ភាគីថៃ ត្រូវបន្តសហប្រតិបត្តិការ នូវបញ្ហាមួយចំនួនដូចជា៖ ការពន្លឿនការកសាងស្ពានឆ្លងព្រំដែនច្រកទ្វារអន្តរជាតិព្រំ , បញ្ហាពលករខ្មែរឆ្ល ដែន , បញ្ហាសុខាភិបាលលើការចេញចូលដឹកអ្នកជម្ងឺចូលប្រទេសថៃ, ព្រមទាំងបទល្មើសឆ្លងដែននានា និងការធ្វើពាណិជកម្មឆ្លងដែនរវាង ខេត្ត ចាន់បុរី ប្រទេសថៃ និងខេត្តប៉ៃលិនតែម្តង។ ជាពិសេសសូមភាគីថៃជួយសម្រួលដល់ការនាំចេញដំណាំដំឡូងមី ស្វាយកែវល្មៀត និងជាពិសេសតែម្តងគឺផ្លែមៀន ប៉ៃលិន ទៅកាន់ប្រទេសថៃអោយបានកាន់ងាយស្រួលនិងមានភាពល្អប្រសើរជាងមុនផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ម៉នសិទ្ធ ផៃសានឋាណាវ៉ាត អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តទាំង២ និងខិតខំដោះស្រាយ នូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕ អត្ថបទ៖ កុល កាយណា