ខេត្តបាត់ដំបង ÷ ជនសង្ស័យចំនួន២នាក់ ដែលក្នុងនោះមានជនជាតិថៃ១នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង តាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួន ខណ:ដែលជនសង្ស័យទាំង២នាក់នេះ កំពុងជួញដូរថ្នាំញៀនក្នុងករណីជាក់ស្តែង។
ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ១៤:៤០ នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំរៀង បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី នៅចំណុចភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានធ្វើការចាប់ខ្លួន ជនសង្ស័យចំនួន០២ នាក់ មានឈ្មោះដូចខាងក្រោម :
១-ឈ្មោះ សុត តឿ ភេទប្រុសអាយុ ៥៤ ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិឃុំកើតហេតុខាងលើ ២-ឈ្មោះ សាក់ ឆាំងឃុំផៃ ភេទប្រុស អាយុ ៤៦ ឆ្នាំ (ជនជាតិថៃ) ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្នុងពេលបង្ក្រាបនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន : ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១កញ្ចប់ ទម្ងន់ ៧៣.៧១ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ៦០៧ គ្រាប់កន្លះ ទូរស័ព្ទ ចំនួន ០២ គ្រឿង ម៉ូតូម៉ាហុងដា C125 ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1D-7648 ចំនួន ០១ គ្រឿង,រថយន្តម៉ាក TUNDRA ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-2432 ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងអនុវត្ដបន្ដនីតិវិធី និងត្រៀមបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕