លោកវេជ្ជបណ្ឌិត វីរ៉ាវុត អ៊ីមសាមរ៉ាន (Wirawut Imsamran) អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្រ បាននិយាយថា បន្ទាប់ពីឆ្លងកាត់ការវះកាត់ ការព្យាបាលដោយកាំរស្មី និងការព្យាបាលដោយប្រើគីមី អ្នកជំងឺមហារីកមិនគ្រាន់តែទទួលរងនូវរោគសញ្ញាជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងផលប៉ះពាល់ពីការព្យាបាលទៀតផងជាការឈឺចាប់រាងកាយដែលពង្រីកចូលទៅដល់ផ្លូវចិត្ត បណ្តាលឱ្យមានការថប់បារម្ភ ភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការអស់សង្ឃឹម។
ទុក្ខព្រួយក្នុងចំណោមអ្នកជំងឺមហារីក ជាពិសេសករណីកម្រិតខ្ពស់បាននាំឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបំបាត់ការឈឺចាប់ដោយប្រើអារម្មណ៍រីករាយនិងការសម្រាកដែលជាទូទៅបានមកពីអ្វីដែលពួកគេចូលចិត្ត។
យោងតាមលោកវេជ្ជបណ្ឌិត អាឌីសៃ ផាត់ថាតាង (Adisai Pattatang) នាយកមន្ទីរពេទ្យមហាវិជ្ជរ៉ាឡុងកនថនយ៉ាបុរី (Maha Vajiralongkorn Thanyaburi)ការព្យាបាលដោយសត្វចិញ្ចឹមអាចជាចម្លើយជំនួសឱសថសម្រាប់អ្នកជំងឺមហារីកកម្រិតខ្ពស់ ដែលស្រឡាញ់សត្វឆ្កែ។ លោកបានពន្យល់ថា”នេះគឺដើម្បីធានាថាអ្នកជំងឺមានបទពិសោធន៍ជីវិតល្អបំផុតដែលអាចធ្វើទៅបានក្នុងអំឡុងពេលវេលាសេសសល់របស់ពួកគេ”។
លោកវេជ្ជបណ្ឌិតអាឌីសៃបាននិយាយថា “ការលេងជាមួយសត្វឆ្កែគឺជាសកម្មភាពដែលពួកគេចូលចិត្តនិងស៊ាំជាមួយ វាជួយកាត់បន្ថយការថប់បារម្ភនិងលើកកម្ពស់អារម្មណ៍វិជ្ជមានចំពោះអ្នកជំងឺនិងសាច់ញាតិ”។
ជាផ្នែកមួយនៃកម្មវិធីថែទាំអ្នកជំងឺមហារីក មន្ទីរពេទ្យមហាវិជ្ជរ៉ាឡុងកនថនយ៉ាបុរីបានអនុវត្តការព្យាបាលដោយសត្វចិញ្ចឹមតាំងពីឆ្នាំ ២០១០ ហើយកម្មវិធីនេះបានបន្តរីកចម្រើនតាំងពីពេលនោះមក។
បាត់ឌី (Buddy) និងខៅ ពុន (Khao Pun) គឺជាពូជឆ្កែ Labrador Retriever នៅក្នុងកម្មវិធី។ វេជ្ជបណ្ឌិតអាឌីសៃបាននិយាយថា “យើងប្រើពូជឆ្កែនេះព្រោះវាមានភាពរួសរាយរាក់ទាក់ ចូលចិត្តលេង និងចុះសម្រុងជាមួយមនុស្ស ដែលស័ក្តិសមសម្រាប់អ្នកជំងឺ”៕