ខេត្តព្រះសីហនុ ៖ «ម្តាយម្នាក់ចិញ្ចឹមកូនច្រើននាក់រស់ តែពេលខ្លះកូនច្រើននាក់ ចិញ្ចឹមម្តាយម្នាក់មិនរស់» គឺជាពាក្យដែលចាស់ៗបុរាណចូលចិត្តលើកយកមកនិយាយទូន្មានដល់កូនប្រុសស្រី ដើម្បីជាគំនិត និងការដាស់តឿន នៅពេលដែលម្តាយឪពុកចាស់ជរាទៅ ត្រូវការនូវការមើលថែ ការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីកូនៗវិញ ប៉ុន្តែបច្ចុប្បន្ននេះ ក៏មានកូនមួយចំនួនប្រហែលមិនបានចាប់អារម្មណ៍ទៅលើពាក្យមួយឃ្លានេះទេ ជាក់ស្តែង ជីដូនមួយរូប ដែលអះអាងថា ត្រូវកូនចៅបោះបង់ចោល រហូតមកដល់យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មិនទាន់មានកូនចៅ ឬសាច់ញាតិមកទទួលយកទេ ត្រូវបានមន្ត្រីមើលថែទាំបណ្តោះអាសន្ន និងអោយសម្រាកនៅសាលាសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
បើតាមស្មៀនសង្កាត់លេខ១ លោកស្រី សុខ ស៊ីថា បានអោយដឹងថា នៅវេលាម៉ោង០៨និង៤១នាទីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមន្ទីរសង្គមកិច្ចខេត្ត ក្រុមការងារការិយាល័យសង្គមកិច្ចក្រុង ក្រុមការងារសង្កាត់លេខ១ និងលោកមេភូមិ បានកំពុងរៀបចំកន្លែងអោយលោកយាយ និងក្រុមការងារសម្រាក ទាំងអស់គ្នា នៅក្នុងសាលាសង្កាត់លេខ១ ដើម្បីមើលថែទាំលោកយាយ ដែលកូនបោះបង់ចោល រងចាំមានដំណោះស្រាយ ដោយខាងក្រុមការងារបានធ្វើរបាយការណ៍ និងកំណត់ហេតុបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត រួចរាល់ហើយ ។
ដោយឡែកលោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ បានអះអាងថា លោកយាយម្នាក់ ដែលប្រជាពលរដ្ឋប្រទះឃើញនៅឃ្លាំងលើ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ រូបគាត់មិនវង្វេងទេ នៅមានស្មារតីធម្មតា ហើយលោកយាយក៏បានបញ្ជាក់ដែរថា «លោកយាយត្រូវកូនចៅ ប្រាប់ឲ្យចាកចេញពីផ្ទះ កាលពីម្សិលមិញ» ។
ទោះជាយ៉ាងនេះក្តី លោកចៅសង្កាត់ បានបញ្ជាក់ថា នេះជាសម្តីរបស់លោកយាយ យ៉ាងណាអាជ្ញាធរ បាននិងកំពុងស្វែងរកសាច់ញាតិក្រុមគ្រួសាររបស់លោកយាយផងដែរ ដោយមន្ត្រីសង្កាត់ បានសហការជាមួយមន្ទីរសង្គមកិច្ច ដើម្បីពិភាក្សាដោះស្រាយ រកសាច់ញាតិជូនលោកយាយ ៕