លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារប្រជុំត្រៀមបើកសិក្ខាសាលាវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត នាពេលខាងមុខ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សន្តិសុខស្បៀង និងអាហារូបត្ថម្ភមិនត្រឹមតែជាការឆ្លើយតប ទៅនឹងគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ធន់ នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហា ផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួល អាកាសធាតុ និងមានចីរភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរួម នឹងភពផែនដី និងវិបុលភាព។
លោកអភិបាលរង បានមានប្រសាសន៍បញ្ជាក់ថា៖ ការដឹកនាំកិច្ចប្រជុំនាពេលនេះ ដើម្បីចូលរួមត្រៀមរៀបចំបើកសិក្ខាសាលាដែលពិតជាមានសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភគឺជា មូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍ មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ។
ក្នុងឱកាសនោះលោកអភិបាលរង ក៏បានមានប្រសាសន៍សំណូមពរដល់ ក្រុមការងារទាំងអស់ត្រូវរៀបចំបច្ចេកទេស បញ្ហានានា ជាពិសេសលោកគ្រូ-អ្នកគ្រូ ជាគ្រូបង្គោល ត្រូវខិ ខំយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិក្ខាមទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕អត្ថបទ៖ លោក គួន ថង