(ភ្នំពេញ)៖ មូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងសូមប្តេជ្ញាធ្វើជាដៃគូជាមួុយកម្ពុជា ដើម្បីជំរុញវិស័យកសិកម្ម។ ការលើកឡើងនេះក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកស្រី ច្យូតស្នា ពូរី (Jyotsna Puri) អនុប្រធានមូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម IFAD (International Fund For Agricultural Development) និងសហការី ចូលជួបសម្តែងការគួសម និងពិភាក្សាលើការងារមួយចំនួន នាល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានមូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្មបានសម្តែងនូវការគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ចំពោះការខិតខំប្រឹងប្រែងក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសក្នុងគ្រាដែលមានកូវីដ១៩ ។ លោកស្រី បន្តថា សម្ដេចតេជោ បានដាក់ចេញយុទ្ធសាស្ត្រ និងវិធីសាស្ត្រទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព ជួយដល់ប្រជាជនដែលបានឆ្លងកាត់ពីបន្ទាត់ក្រីក្រហើយ មិនឲ្យធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រវិញ ។ សម្តេចតេជោ បានជួយកិច្ចគាំពារសង្គម អាហាររូបត្ថម្ត និងបានដាក់ចេញគោលនយោបាយដ៏ល្អសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទឲ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាមឃុំ និងកម្មវិធីស្រោចស្របដើម្បីជំរុញការផលិតកសិផលដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ ។ លោកស្រី ក៏បានគោរពជម្រាបសម្តេចតេជោ ហ៊ុន សែន ថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មសូមសម្តែងនូវការគោរព និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការថែរក្សាសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍវិស័យកសិកម្ម។
ក្នុងឱកាសនេះ លោកស្រីបានសម្តែង នូវការអំណរគុណជួសមុខឲ្យប្រធានមូនិធិ និងប្រតិភូចូលរួម ចំពោះការបង្កើនវិភាគទានពី ៦០ម៉ឺនដុល្លារទៅ ១លានដុល្លារសម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ។ លោកស្រីបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែខ្លាំងឡើង កាន់តែធំធាត់ឡើង និងកសិកម្មមួយប្តកបដោយភាពវៃឆ្លា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អង្គការមូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម គឺជាដៃគូល្អដែលមានអាយុជាង ៣០ឆ្នាំមកហើយ ដែលមានទស្សនៈដូចគ្នា។ ក្នុងន័យនេះ សម្ដេចតេជោ បញ្ជាក់ថា «យើងបន្តភាពជាដៃគូបន្តទៀត។ កម្ពុជាផ្ដល់ការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកសិកម្ម និងជនបទចង់ធ្វើយ៉ាងណាឲ្យកសិករផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឲ្យអ្នកដែលឆ្លងផុតបន្ទាត់ក្រីក្រហើយធ្លាក់ចូលទៅវិញក្រោមបន្ទាត់ក្រីក្រ ចង់ជួយវិស័យកសិកម្មទៅជាកសិ-ពាណិជ្ជកម្ម និងកសិ-ឧស្សាហ៍កម្ម»។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែង នូវការរីករាយជាថ្មីម្ដងទៀតចំពោះ ជាមួយដៃគូជាមួុយអង្គការមូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម ហើយបានសម្រេចលើកការបង្កើនវិភាគទានរបស់កម្ពុជាពី ៦០ម៉ឺនដុល្លារទៅ ១លានដុល្លារសម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ។
សូមបញ្ជាក់ថា លោកស្រី ច្យូតស្នា ពូរី និងប្រតិភូ បាន និងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនានា។ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដែលធ្វើការងារដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន នៅក្នុងតំបន់ជនបទ នៃប្រទេសកំពុងអភិវឌ្ឍន៍។ IFAD ជាអង្គការអភិវឌ្ឍន៍ពហុភាគី តែមួយគត់ ដែលផ្តោតលើសេដ្ឋកិច្ចជនបទ និងសន្តិសុខស្បៀង៕