ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានគេប្រទះឃើញរថយន្ត១គ្រឿង បើកធ្លាក់ចូលក្នុងទឹកព្រែកសមុទ្រ បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លា.ប់ក្នុងរថយន្ត និងឃើញបុរសម្នាក់បញ្ចប់ជីវិតលើដើមឈើនៅទីនោះដែរ ស្ថិតនៅចំណុចចាំលុង ភូមិតាចាតឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ជនបង្កឈ្មោះ សំ សុខ ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (បានបញ្ចប់ជីវិតនៅលើដើមឈើ) ។ ចំណែកជនរងគ្រោះដោយអំពើឃា.តកម្មនោះឈ្មោះ កប ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ស្លា.ប់ក្នុងរថយន្ត) ។
ករណីខាងលើនេះតាមការបំភ្លឺពីឈ្មោះ ព្រំ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនបង្ក បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រមាណម៉ោង៩ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តី «សំ សុខ» បានចេញពីផ្ទះមិនដឹងទៅណា ដោយគ្មានបានប្រាប់ប្រពន្ធសូម្បីបន្តិច ។ លុះដល់វេលាម៉ោង៨ យប់ថ្ងៃដដែល ប្តីបានទូរស័ព្ទប្រាប់មកប្រពន្ធថា គាត់នៅភូមិទួលគគីរ ។ ពេលនោះប្រពន្ធបានសួរទៅវិញ នៅទួលគគីរធ្វើអីទាំងយប់ហើយ ប្តីក៏បានឆ្លើយតបភ្លាមៗថា «នៅដើរលេង និងសុំទោសប្រពន្ធ» រួចក៏បិទទូរស័ព្វរហូតទៅតេមិនចូលតែម្តងទៅ ។
ស្ត្រីជាប្រពន្ធបានបន្តថា ស្រាប់តែនៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មានអ្នកនេសាទបើកទូកប្រទះឃើញមនុស្សបញ្ចប់ជីវិតនៅជាប់នឹងដើមកោងកាង ក៏រាយការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ បានជ្រាបជាព័ត៌មាន ។
ក្រោយពេលអ្នកនេសាទរាយការណ៍ពីហេតុការណ៍ខាងលើនោះភ្លាម សមត្តកិច្ចនគរបាលបានចុះទៅដល់ បានឃើញមនុស្សប្រុសម្នាក់បញ្ចប់ជីវិតនៅដើមឈើប្រាកដមែន និងបានឃើញរថយន្ត១គ្រឿងទៀតធ្លាក់ចូលក្នុងទឹកព្រែក ។ បន្ទាប់មកសមត្តកិច្ចបានបង្កើតគណៈ កម្មការចម្រុះ ដើម្បីពិនិត្យស.ពនៅកន្លែងកើតហេតុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ហើយសមត្ថកិច្ចក៏បានស្ទូចរថយន្ត១គ្រឿងនោះឡើងលើគោក ទើបដឹងថា រថយន្តម៉ាកកាមរី បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 ។ ក្នុងរថយន្តនោះក៏មានមនុស្សស្រីម្នាក់ ដេកស្លា.ប់នៅលើកៅអីខាងមុខជាប់អ្នកបើកបរ គឺជាសាកស.ពដែលគេស្គាល់អត្តសញ្ញាណឈ្មោះ កប ស្រីនី ជាស្រីស្នេហ៍ តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះ សំ សុខ ។
តាមដំណើររឿងមុនកើតហេតុដំបូង មានគេឃើញជនរងគ្រោះឈ្មោះ កប ស្រីនី បានអង្គុយលេងជាមួយឈ្មោះ សំ សុខ នៅភូមិទួលគគីរនោះ ហើយក៏ស្រាប់តែមានគេតេចូលមកទូរស័ព្ទជនរងគ្រោះ ដែលជាស្រីចិញ្ចឹមរបស់ឈ្មោះ សំ សុខ ពេលនោះក៏ សំ សុខ មានចិត្តប្រចណ្ឌខឹង ហើយក៏នាំជនរងគ្រោះ កប ស្រីនី ឡើងរថយន្តជិះសំដៅមកកន្លែងកើតហេតុ ដើម្បីធ្វើសកម្មភាពបើករថយន្តទម្លាក់ទឹកឲ្យស្លា.ប់ទាំងអស់គ្នា ប៉ុន្តែដោយខ្លួន«សំ សុខ» មិនស្លា.ប់ ទើបស្ទុះចេញពីក្នុងរថយន្ត ប្រញ៉ាប់ប្រញាល់ឡើងទៅលើដើមឈើបញ្ចប់ជីវិតតែម្តង ។
បច្ចុប្បន្ន សាកស.ពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕