(ចិន)៖ការនាំចេញរថយន្ត ពីប្រទេសចិន ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងដល់ ២,៥លានគ្រឿងក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យចិនក្លាយជាអ្នកនាំចេញ រថយន្តធំជាងគេទី ៣ របស់ពិភពលោក, នេះបើតាម Bloomberg បានរាយការណ៍កាលពីដើមសប្តាហ៍នេះ ដោយដកស្រង់ទិន្នន័យ ពីសមាគមរថយន្តដឹកអ្នកដំណើរចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា តួលេខរបស់ចិននេះ បានតាមពីក្រោយជប៉ុន និងអាល្លឺម៉ង់ ប៉ុន្តែនាំមុខសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលជាសញ្ញានៃការលេចចេញជាគូប្រជែង ដ៏រឹងមាំចំពោះក្រុមហ៊ុនយក្ស ផលិតរថយន្តដែលបានបង្កើតឡើង។ ម៉ាកយីហោចិន បច្ចុប្បន្នគឺស្ថិតក្នុងចំណោមផលិតផលដែលលក់ដាច់បំផុតនៅមជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ នៅអឺរ៉ុប ម៉ូដែលរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla និងអតីតម៉ាកយីហោអឺរ៉ុបដែលគ្រប់គ្រងដោយចិន (ក៏ដូចជាម៉ាកយីហោអឺរ៉ុបដូចជា Dacia Spring និង BMW iX3) ក៏ត្រូវរាប់បញ្ចូលទាំងរថយន្តដែលផលិតនៅចិនភាគច្រើនផងដែរ។ម៉ាកយីហោក្នុងស្រុកជាច្រើនដូចជា BYD និង Nio ក៏ទទួលបានប្រជាប្រិយភាពផងដែរ។ គាំទ្រដោយក្រុមហ៊ុន Berkshire Hathaway របស់ Warren Buffett, ក្រុមហ៊ុន BYD បាននិងកំពុងយកឈ្នះទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាអូស្ត្រាលីជាមួយនឹងរថយន្តអគ្គិសនីរបស់ខ្លួន។យោងតាមទិន្នន័យដាច់ដោយឡែកដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ការនាំចេញយានយន្តរបស់ចិនដីគោកមានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ៥៤,៤ភាគរយ និងមានចំនួន ៣,១១លានគ្រឿងនៅឆ្នាំ ២០២២ ដែលធ្វើឱ្យវាក្លាយជាអ្នកនាំចេញរថយន្តធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសជប៉ុន៕