(ភ្នំពេញ)៖ លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសន្ទុះរីកចម្រើនរបស់កីឡាករ-កីឡាការិនីកម្ពុជា បន្ទាប់ពីពួកគេ ធ្វើបានយ៉ាងល្អក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ កាលពីចុងសប្ដាហ៍កន្លងទៅ ។
លោកថា បើធៀបការប្រកួតកីឡាជាតិ លើកទី៣ កាលពីចុងខែវិច្ឆិកា កីឡាករ-កីឡាការិនីរបស់ខ្លួន ធ្វើបានយ៉ាងល្អ ដែលបង្ហាញពីភាពរីកចម្រើន ទាំងបច្ចេកទេស និងវិស័យ ។ រីឯគណៈកម្មការរៀបចំ ក៏ដំណើរការរៀបចំយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ ។ ការណ៍នេះ លោករំពឹងថា អនាគតរបស់កីឡាជឺជីតស៊ូកម្ពុជានឹងកាន់តែរីកចម្រើន ទាំងកំឡុងពេលត្រៀមស៊ីហ្គេម និងក្រោយស៊ីហ្គេម ឆ្នាំ២០២៣ ។
ប្រធានសហព័ន្ធដដែលបន្ថែមថា «ខ្ញុំសូមអរគុណកីឡាករ-កីឡាការិនី សម្រាប់ការពុះពាររយៈពេលប៉ុន្មានខែកន្លងមកនេះ ។ ខ្ញុំបានតាមដានពីសកម្មភាពការហ្វឹកហាត់ ដែលប្រកបដោយជោគជ័យ ហើយការប្រកួតក៏ដោយ គឺខុសប្លែកពីការប្រកួតកីឡាជាតិ លើកទី៣ ។ នេះជាកិត្តិយសរបស់យើងទាំងអស់គ្នា ក្នុងនាមគ្រួសារជឺជីតស៊ូ ដែលប្រកបដោយស្មារតីខ្ពង់ខ្ពស់ សម្រាប់ត្រៀមការប្រកួតស៊ីហ្គេមនាពេលខាងមុខ» ។
គួរដឹងថា ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៨នាក់ មកពី ៧ក្លិប ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយពិធីបិទការប្រកួតនេះ ក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ ៕