(បាត់ដំបង)៖បើតាមកសិករម្នាក់ឈ្មោះ ឡាយ រដ្ឋា រស់នៅភូមិភ្នំតូច ឃ្មុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២៧ ខែមករានេះថា៖ កន្លងមកក្រុមគ្រួសាររបស់លោក បានប្រកបរបរដំណាំ ពោត និងដំឡូង ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ រហូតដល់ឆ្នាំ២០១៣ ក្រុមគ្រួសាររបស់លោក ក៏បានផ្លាស់ប្តូរ មកដាំមៀនប៉ៃលិនវិញ ដោយលោករំពឹងថា ដំណាំមួយនេះ អាចទទួលផលប្រយោជន៍ សម្រាប់គ្រួសារបានប្រសើជាង។ក្រោយពីបានរៀនសូត្រ និងចូលរួមសិក្ខាសាលា យកបទពិសោធន៍បច្ចេកទេសដាំ នឹងថែទាំ ពីសហគមន៍មៀនប៉ៃលិន គឺលោកទទួលបាន ជោគជ័យ ហើយមិនបារម្ភ លើបញ្ហាទីផ្សារក្នុងស្រុក តាមរយៈគុណភាព និងអនាម័យល្អក្នុងការវេចខ្ចប់ឡើយ។
កសិកររូបនេះ បានបន្តថា៖ ការរំពឹងទុករបស់លោក ក៏ក្លាយជាការពិតហើយ រហូតមកដល់តំណាក់កាលជំងឺកូវីដ១៩ បានវាយលុកលើពិភព លោកក៏បានធ្លាក់ចុះជាបន្តបន្ទាប់តាមរយៈទីផ្សារ។ តែមកដល់បច្ចុប្បន្ននេះ ទីផ្សារបានល្អប្រសើឡើងវិញ ជាពិសេសក្នុងឆ្នាំនេះ ផ្លែមៀនប៉ៃលិនរបស់លោក មិនបានប្រឈមនឹងទីផ្សារនោះទេ ដោយមានឈ្មួញចូលទិញលើកយក ទៅចែកចាយបន្តតាមបណ្តាខេត្តផ្សេងៗ ក្នុង តម្លៃសមរម្យ គឺចន្លោះពី ២ ៨០០ រៀល ដល់ ៣ ៥០០រៀល ក្នុង១គីឡូក្រាម បើធៀបឆ្នាំមុន វាបានប្រសើជាង។កសិកររូបនេះ បានបន្តថា៖ ចំពោះដំណាំផ្លែមៀនប៉ៃលិន របស់លោកបច្ចុប្បន្ន លោកប្រមូលផលផ្លែមៀនបាន១០០០ដើម លើផ្ទៃដី១០ហិចតាដែលបានផ្លាស់ប្តូរពីដំណាំពោធនិងដំឡូង។
លោកបន្តថា ក្រោយពីដំណាំមៀនប៉ៃលិនរបស់លោកបានហុចផលជាបណ្តើរៗ លោកបានព្យាយាមចូលសិក្ខាសាលាជាមួយមន្ត្រីជំនាញ និងសហគមន៍ ដើម្បីយកបទពិសោធន៍ ក្នុងការថែទាំឲ្យមានទិន្នផលខ្ពស់ប្រកបដោយស្នង់ដាអនាម័យដើម្បីឆ្លើយតបតាមតម្រូវការរបស់ឈ្មួញ ឬក្រុមហ៊ុនណាមួយចៀសវាងប្រឈមនឹងទីផ្សារដោយសារតែផលិតផលខ្វះបច្ចេកទេសអនាម័យ។ លោកបន្តថា៖ អ្វីដែលប្រសើជាងលើដំណាំមៀននេះទៅទៀត ក្រោយពីលោកខិតខំព្យាយាមរៀនសូត្របន្ថែម លោកក៏ចាប់ផ្តើមចិញ្ចឹមសត្វឃ្មុំនៅក្នុងចំការមៀនរបស់លោកបន្ថែមទៀតដើម្បីឲ្យវាក្រេបលម្អងផ្កាមៀនជៀសជាងទុកផ្កាចោល ដោយគ្មានផលប្រយោជន៍រហូតបានជោគជ័យទាំងដំណាំមៀន ទាំងទឹកឃ្មុំ តាមបែបធម្មជាតិផងដែរ។
ពាក់ព័ន្ធនិងគំនិតកសិករខាងលើ ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តបាត់ដំបង ក៏បានលើកទឹកចិត្ត ឲ្យប្រជាកសិករ នៅតាមសហគមន៍បង្កើនការដាំដុះលើដំណាំផ្សេងៗ ទៅតាមចំណង់ចំណូលចិត្ត ហើយខាងមន្ត្រីជំនាញ នឹងស្វាគមន៍ជានិច្ច ចំពោះតម្រូវការរបស់ប្រជាកសិករ ដែលចង់ស្វែងយល់អំពីបច្ចេកទេសថ្មីៗ ដែលធ្វើឲ្យរាល់កសិផលទទួលបាន ជាផ្លែផ្កាល្អមានគុណភាពប្រកប ដោយដាអនាម័យល្អជៀសវាងប្រឈមនឹងទីផ្សារ និងលើកកម្ពស់សុខភាព ដល់អ្នកបរិភោគផងដែរ៕