(អន្តរជាតិ)៖ នៅព្រឹកថ្ងៃសុក្រនេះ អង្គការណាសា បាននិយាយថា អាចម៍ផ្កាយទំហំប៉ុនឡានដឹកដីមួយ នឹងធ្វើដំណើរមកជិតផែនដីនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា)ដែលជាការហោះកៀកផែនដីមិនធ្លាប់មានពីមុនមក តែបញ្ជាក់ថា វាមិនបង្កគ្រោះថ្នាក់អ្វីឡើយ។
អាចម៍ផ្កាយ 2023 BU ដែលថ្មីៗនេះត្រូវបានរកឃើញដោយតារាវិទូស្ម័គ្រចិត្ត នឹងអាចមើលឃើញនៅចុងភាគខាងត្បូងនៃទ្វីបអាម៉េរិកខាងត្បូងនៅម៉ោងប្រហែល ៤៖២៧ ល្ងាចនៅថ្ងៃព្រហស្បតិ៍ (ម៉ោង ៨៖២៧ ព្រឹកថ្ងៃសុក្រម៉ោងនៅកម្ពុជា) នេះបើយោងតាមណាសា។
វានឹងហោះឆ្លងកាត់ចម្ងាយត្រឹមតែ ៣.៦០០ គីឡូម៉ែត្រពីផ្ទៃផែនដីប៉ុណ្ណោះ ដែលនៅជិតជាងផ្កាយរណបភូមិសាស្ត្រដែលធ្វើគោចរជុំវិញភពផែនដីទៅទៀត។
ណាសាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប៉ុន្តែវាគ្មានហានិភ័យដែលអាចម៍ផ្កាយនេះនឹងបុកផែនដីនោះទេ។
បើទោះជាវាបុកផែនដីមែន ក៏អាចម៍ផ្កាយប្រវែងពី ៣,៥ ទៅ ៨,៥ ម៉ែត្រនេះ នឹងត្រូវឆេះបែកខ្ទេចក្នុងផ្ទៃបរិយាកាសផែនដីរួចទៅហើយដែលវាអាចបណ្តាលឱ្យមានអាចម៍ផ្កាយតូចៗមួយចំនួនប៉ុណ្ណោះធ្លាក់មកលើផ្ទៃដី៕