ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការ ប្រតិបត្តិរបស់ សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពឯកឧត្តម សួស ស៊ីយ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក យស់ យឿន អនុប្រធានសម្ព័ន្ធភាពជាតិ ដែលមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ លោក-លោកស្រីអនុប្រធានមន្ទីរ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងក្រុមការងារក្រុមប្រឹក្សាសមាគម ជាច្រើនរូបផងដែរ។
លោក យស់ យឿន អនុប្រធានសម្ព័ន្ធភាពជាតិ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនា ពេលនេះរបស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តប្រចាំឆ្នាំមានគោលបំណង បង្ហាញរបាយការណ៍វឌ្ឍនភាព របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តឆ្នាំ២០២២ ពិនិត្យនិងពិភាក្សាលើផែនការសកម្ម ភាពសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៣ ផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រង និងប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ផ្សព្វផ្សាយថវិកាសមាជិកភាពក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ ឆ្នាំ២០២៣ ផ្សព្វផ្សាយថវិកាចំណូលចំណាយឆ្នាំ២០២២ និងថវិកាចំណូលចំណាយឆ្នាំ២០២៣។
ឯកឧត្តម សួស ស៊ីយ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈ របស់សមាគមដែលជា “នីតិបុគ្គល”តំណាងឱ្យសម្លេងនិងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ក្នុងខេត្ត ព្រមទាំងជាអ្នកអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់ គុណភាពនៃជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
លោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តពង្រឹងតួនាទីរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការចូលរួមនៅក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០) ដែលជាដំណាក់កាលធ្វើទំនើបកម្មប្រព័ន្ធរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ និង ក្នុងស្មារតីនៃការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងភាពម្ចាស់ការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូន ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពបរិយាប័ន្ន និងសមធម៌សង្គម។
ក្នុងឱកាសនោះលោក អភិបាលរងខេត្ត បានមានប្រសាសន៍សំណូមពរដល់ រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធអង្គការសង្គមស៊ីវិលសូមបន្តជួយគាំទ្រ និងសហការជាមួយសមាគមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីសមាគមបានអនុវត្តតួនាទីរបស់ខ្លួនស្របតាមគោលដៅដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។
សូមបញ្ជាក់ថា៖ សមាគមក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តប៉ៃលិនត្រូវបានបង្កើតឡើងដោយ ប្រកាសក្រសួងមហាផ្ទៃលេខ ៦៤៥ សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាគមក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តប៉ៃលិនអក្សរកាត់(ស.ក.ស.ឃ.ស.ប.ល) រហូតមកដល់បច្ចុប្បន្ននេះ ហៅកាត់ថា៖(សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន)វិញ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម