ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំ ក្រុមការងារពិសេស ថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ សម្រាប់ឆ្នាំ២០២៣ ដើម្បីតាមដាន និងគ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុបបំបាត់ ករណីជំងឺគ្រុនចាញ់ ស្របតាមទិសដៅលុបបំបាត់ជំងឺ ក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយកិច្ចប្រជុំ បានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ និងមានការចូលពី លោក-លោកស្រីអភិបាលរងក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានសុខាភិបាលខេត្ត បានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្តប៉ៃលិនក្នុង ឆ្នាំ២០២២នេះ មានការថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នានៅចុងឆ្នាំ២០២១។ ហើយនេះបង្ហាញពីជោគជ័យមួយកម្រិតទៀត ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមទិសដៅដែលបានកំណត់សម្រាប់ខេត្តប៉ៃលិន ។ លោកអនុប្រធានសុខាភិបាលខេត្ត បានរំលឹកថា នៅក្នុងអំឡុងរយៈពេល៣ខែចុង២០២១កន្លងមកឃើញថា មានអត្រាអ្នកកើតជំងឺគ្រុនចាញ់ប្រភេទ វីវ៉ាក់ មាន ៥ករណី ហើយនៅឆ្នាំ២០២២ មានករណីកើតជំងឺគ្រុនចាញ់ វីវ៉ាក់ធ្លាក់មកនៅត្រឹមតែ០៤ករណីប៉ុណ្ណោះ ដែលទាំងនេះបង្ហាញពីភាពជោគជ័យមួយសម្រាប់ខេត្តប៉ៃលិនយើងផងដែរ ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិននិងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ បានថ្លែងថា ច្រើនឆ្នាំមកនេះ ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ ជាពិសេសខេត្តប៉ៃលិនបានលុបបំបាត់ជម្ងឺគ្រុនចាញ់មុនគេផងដែរ ។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ តាមរយៈលទ្ធផលដែលបានបង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ដែលបានដាក់ចេញ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម និងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥ អោយអស់ផងដែរ។ លោកអភិបាលរងខេត្តក៏បានបន្ដទៀតថា ការលុបបំបាត់ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមាន ការសម្របសម្រួលរវាងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានណែនាំដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹង ពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋ ណែនាំបន្ត តាមគ្រប់រូបភាព គ្រប់សកម្មភាព ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់ នៅតាមមូលដ្ឋានដែលមានការលំបាក ក្នុងការគ្រប់គ្រងទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។ជាពិសេសអាជ្ញាធរដែនដី ជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍នានា ដូចជាកាចែកមុង, អប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ នឹងស្នើសុំអ្នកពាក់ព័ន្ធ៕អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម