(ភ្នំពេញ)៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់ការវិនិយោគផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ សម្តេចបានលើកឡើងដូចនេះ ក្នុងពេលអនុញ្ញាតឱ្យ លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូ នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំង ដឹកនាំបណ្តាវិនិយោគិនបារំាង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះប្រតិភូបារាំងទាំងមូល និងមានប្រសាសន៍ថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់ការវិនិយោគផ្លូវដែកថ្មីល្បឿនលឿនទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «ផ្លូវដែក២ខ្សែដែលកម្ពុជាមានស្រាប់ត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការវិនិយោគពីវិស័យឯកជន។ ពាក់ព័ន្ធនឹងថាមពលស្អាត កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណជា ៦២ភាគរយហើយ និងកំពុងទាក់ទាញការវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុញ្ញាត និងអនុម័តឲ្យបង្កើតរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា កម្ពុជាកំពុងតែលើកទឹកចិត្តឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ វិស័យវិនិយោគជាអាទិភាពរបស់កម្ពុជា នោះគឺការជំរុញវិស័យនយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃដែលកម្ពុជាមានវត្ថុធាតុដើមដូចជា ស្វាយចន្ទី កៅស៊ូ និងស្រូវ ជាដើម សម្រាប់ធ្វើការកែច្នៃ ហើយមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាទេ គឺសម្រាប់នាំចេញទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជា។
ជាការឆ្លើយតប លោក អូលីវេ្យ បិច និងប្រតិភូទាំងមូល បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ប្រតិភូទាំងអស់គ្នាមានជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយកម្ពុជាបានបំបែកឯគ្គទកម្មលើការជំរុញសេដ្ឋកិច្ចក្នុងរយៈពេល២០ឆ្នាំ។ កម្ពុជាបានបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ហើយកម្ពុជាក៏កំពុងមានអ្នកមានចំណូលមធ្យមច្រើន។
ក្នុងន័យនេះ ប្រតិភូបារាំងបានធ្វើការជាមួយនឹងប្រតិភូកម្ពុជា ដើម្បីធ្វើការទៅលើការងាររថភ្លើងល្បឿនលឿនការដឹកជញ្ជូនតាមផ្លូវទឹក គោក អាកាស លើវិស័យសំណង់ វិស័យថាមពល ក៏ដូចជាវិស័យដទៃទៀត។ លោក និងប្រតិភូបារាំង បានអះអាងថា នឹងស្វែងយល់ពីសម្ដេចតេជោ ហ៊ុន សែន ទៅលើវិស័យអាទិភាពរបស់កម្ពុជា៕