ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការធ្វើតារាងប្រៀបធៀប កើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២ តាមប្រព័ន្ធ SARMIS ដល់មន្ទីរអង្គភាពជុំវិញខេត្តនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធានរតនាគារខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត គណៈអភិបាលក្រុង-ស្រុក តំណាងមេឃុំ-ចៅសង្កាត់ ស្មៀន មន្ត្រីជំនាញ ព្រមទាំងក្រុមការងារមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ជាច្រើននាក់ផងដែរ។
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀបចំបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋតម្រូវឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវច្បាស់លាស់។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការអនុវត្តកន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានខិតខំពង្រឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋដោយបានចេញផ្សាយនូវលិខិតបទដ្ឋានគតិយុត្ត និងបានចុះធ្វើការណែនាំផ្សព្វផ្សាយដល់មន្ទីរអង្គភាពជុំវិញខេត្តនិងរដ្ឋបាលថ្នាក់ក្រោមជាតិដែលកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាប្រចាំក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋផងដែរ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តថា៖ ជាពិសេសមានគោលបំណងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ព្រមទាំងរួមចំណែកដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត។
ក្នុងឱកាសនោះលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់គ្រប់មន្ទីរ និងអង្គភាពពាក់ព័ទ្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ព្រមទាំងធ្វើតារាងប្រៀបធៀប កើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ តាមប្រព័ន្ធ SARMIS ប្រកបដោយគុណភាពខ្ពស់៕