(អាមេរិក)៖បើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយបន្ទាប់ពីកិច្ចប្រជុំ របស់រដ្ឋមន្រ្តីការបរទេស G7 ថា ក្រុមប្រទេស G7 និង ប្រទេសដៃគូផ្សេងទៀត កាលពីថ្ងៃ អង្គារ បានសន្យាថា នឹងរក្សាការគាំទ្រ របស់ពួកគេ សម្រាប់វិស័យថាមពល របស់អ៊ុយក្រែន រួមទាំងការផ្ដល់ឧបករណ៍ និង ជំនួយមនុស្សធម៌ផ្សេងទៀត ទៅអ៊ុយក្រែន សម្រាប់រដូវរងារ។លោករដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken និង លោករដ្ឋមន្រ្តីការបរទេសជប៉ុន Yoshimasa Hayashi ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំតាមអនឡាញនេះ បានឲ្យដឹងថា ក្នុងនោះប្រទេសនានា ក៏បានប្ដេជ្ញាបន្ដការសម្របសម្រួល លើកិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែន ដើម្បីធ្វើទំនើបកម្ម និង បំបែកបណ្ដាញថាមពលរបស់ខ្លួន។ ក្រសួងការបរទេស បានបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីការបរទេសបានអំពាវនាវជាថ្មី ឲ្យប្រទេសរុស្ស៊ីបញ្ឈប់ការវាយប្រហារលើប្រព័ន្ធថាមពល និង អគ្គិសនីរបស់អ៊ុយក្រែន។
សង្រ្គាមនៅអ៊ុយក្រែនបានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និង រាប់លាននាក់ត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែ កុម្ភៈ ឆ្នាំមុន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានបន្តធ្វើការជាមួយដៃគូដើម្បីពន្លឿនការងារជួសជុល ដើម្បីស្ដារឡើងវិញនូវកន្លែងផលិត និង ចែកចាយ ដើម្បីធ្វើឲ្យប្រព័ន្ធថាមពលមានកម្រិតទាប និង អនុវត្តកម្មវិធីប្រសិទ្ធភាពថាមពលថ្មី។
លោក Shmyhal បាននិយាយថា ប្រទេសអ៊ុយក្រែនមានទុនបម្រុងធ្យូងថ្ម និង ឧស្ម័នគ្រប់គ្រាន់សម្រាប់ខែដែលនៅសេសសល់នៃរដូវរងា ទោះបីជាមានការរវាយប្រហារពីប្រទេសរុស្ស៊ីម្ដងហើយម្ដងទៀតលើប្រព័ន្ធថាមពលរបស់ខ្លួនក៏ដោយ។ លោកបន្ថែមថា ស្ថានភាពក្នុងវិស័យថាមពលនៅតែមានភាពលំបាក ប៉ុន្ដែស្ថិតក្រោមការគ្រប់គ្រងបន្ទាប់ពីរុស្ស៊ីបានបើកយុទ្ធនាការរយៈពេល ១ខែ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដែលបានបំផ្លាញប្រព័ន្ធថាមពលប្រហែល ៤០ភាគរយ។
សូមបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែនអស់រយៈពេលជិត ១ឆ្នាំនេះ បានផ្ដាច់ជីវិតមនុស្សរាប់ម៉ឺននាក់ ប្រជាជនគ្មានផ្ទះសម្បែងរស់នៅ ខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប៉ះពាល់សេដ្ឋកិច្ចពិភពលោក និង ខ្វះខាតថាមពលជាដើម៕
ប្រភព CAN