(ភ្នំពេញ)៖ មានប្រសាសន៍ថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នាសណ្ឋាគាសុខាភ្នំពេញ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា កាលពីឆ្នាំ២០២២កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលកែលម្អផ្លូវ នៅ តាមទីជនបទ បានប្រមាណជាង ៤០០ខ្សែ នៅទូទាំងប្រទេស ស្មើនឹងជាង ៦ពាន់គីឡូម៉ែត្រ ដើម្បីបម្រើដល់ប្រយោជន៍នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកនាំជញ្ជូនជាដើម ។
បច្ចុប្បន្នកម្ពុជាកំពុងលើកកម្រិតផ្លូវជនបទពីផ្លូវដី ទៅជាផ្លូវក្រាលក្រួសក្រហម ឬផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដែលបានជួយសម្រួល និងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៅជនបទ ។
ឯកឧត្តមបានបន្តថា ដើម្បីបង្កការងាយស្រួល ដល់ពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនផលកសិកម្មនោះ តាមរយៈហិរញ្ញប្បទានពីថវិកាជាតិ ក្រសួងបានជួសជុល និងថែទាំផ្លូវជនបទបានចំនួន៤២៦ខ្សែ ប្រវែងជាង ៤២០០គីឡូម៉ែត្រ, និងសាងសង់សំណង់សិល្បការគ្រប់ប្រភេទ និងស្លាកសញ្ញាចរាចរណ៍ចំនួនជាង ៣ពាន់កន្លែង, អនុវត្តគម្រោងសាច់ប្រាក់ពលកម្ម ស្ថាបនាផ្លូវដីបានប្រវែងជាង ៥៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវក្រាលក្រួសក្រហមបានប្រវែងជាង ៣០០គីឡូម៉ែត្រ ។
ឯកឧត្តម សួស គង់ បានបន្ថែមថា ក្រសួងក៏បានការគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូជាច្រើន ដោយបានស្ថាបនា និងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែងជាង ៦០០គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការបានចំនួនជាង ១ពាន់កន្លែង ដែលលទ្ធផលនៅឆ្នាំ២០២២នេះ មានសកម្មភាពមួយចំនួនយឺតយ៉ាវ ដោយសារគម្រោងខ្លះ ស្ថិតក្នុងដំណាក់កាលកំពុងសិក្សា និងអនុវត្តកិច្ចលទ្ធកម្ម និងដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់ ក្នុងការសាងសង់ផ្លូវដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាព ដូចជាការកាត់បន្ថយការចំណាយលើការថែទាំ ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងបានដាក់ចេញគោលបំណងគោលនយោបាយចម្បង គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ៕