(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) កាលពីថ្ងៃចន្ទនេះ បានសន្យាថា នឹងចាត់វិធានការដោះស្រាយការធ្លាក់ចុះ អត្រាកំណើតពលរដ្ឋ ដោយនិយាយថា វាជាបញ្ហាបន្ទាន់មួយ សម្រាប់ប្រទេស ដែលមានមនុស្សចាស់ច្រើនជាងគេបំផុតមួយ របស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។
តាមការស្ទង់មតិបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលជប៉ុន បានព្យាយាមលើកទឹកចិត្តប្រជាជនរបស់ខ្លួន ឲ្យមានកូនកាន់តែច្រើន ជាមួយនិងការសន្យាផ្តល់ប្រាក់រង្វាន់ និងអត្ថប្រយោជន៍កាន់តែប្រសើរ ប៉ុន្តែវានៅតែជាបញ្ហាដ៏លំបាកមួយ ដោយសារតែជប៉ុនជាប្រទេស ដែលមានការចំណាយខ្ពស់បំផុតមួយ ក្នុងពិភពលោកលើការចិញ្ចឹមកូន។
នៅក្នុងសុន្ទរកថាស្តីគោលនយោបាយរបស់រដ្ឋាភិបាល នៃសម័យប្រជុំសភាឆ្នាំ២០២៣ លោក គីស៉ិដា បានគូសបញ្ជាក់ថា «ប្រជាជាតិរបស់យើង ស្ថិតនៅលើចំណុចព្រួយបារម្ភថា តើខ្លួនអាចរក្សាមុខងារសង្គមបានឬអត់។ វាជារឿងបន្ទាន់មួយ នៅពេលនិយាយដល់គោលនយោបាយទាក់ទងនឹងការសម្រាល និងការចិញ្ចឹមកូន។ វាជាបញ្ហាដែលមិនអាចរង់ចាំបានទៀតនោះទេ»។ លោក គីស៉ិដា និយាយថាលោកនឹងដាក់ផែនការបង្កើនថវិកាទ្វេដង សម្រាប់គោលនយោបាយទាក់ទងនឹងកុមារ នៅខែមិថុនាខាងមុខនេះ ហើយទីភ្នាក់ងាររដ្ឋាភិបាលថ្មី សម្រាប់កុមារ និងគ្រួសារ ត្រូវតែបង្កើតឡើងនៅក្នុងខែមេសា ដើម្បីត្រួតពិនិត្យបញ្ហានេះ។
គួរបញ្ជាក់ថា ការផ្តល់កំណើតក្នុងប្រទេសជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០២២។ បើយោងតាមការប៉ាន់ប្រមាណផ្លូវការ វាបានធ្លាក់ចុះក្រោម ៨០០,០០០នាក់ ជាចំនួនមួយខុសឆ្ងាយពីការរំពឹងទុករបស់រដ្ឋាភិបាល កាលពីជាង ៨ឆ្នាំមុន។ ទំនោរនៃការថយចុះភាគច្រើនទំនងជាកើតមានបន្ថែមទៀត ខណៈប្រជាជនដែលអាយុជាមធ្យមគឺ ៤៩ឆ្នាំក្នុងប្រទេសជប៉ុនមានចំនួនខ្ពស់បំផុតនៅលើពិភពលោក ដោយតាមពីក្រោយប្រទេសម៉ូណាកូ៕