(ភ្នំពេញ)៖ បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (Camsoc) បានឲ្យដឹងថា ភាគីថៃនៅតែបញ្ជូនក្រុមអត្តពលិករបស់ខ្លួនជាង ១០០០នាក់ មកចូលរួមប្រកួតកីឡាស៉ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកលែងតែប្រភេទកីឡាប្រដាល់ Muay Thai មួយប៉ុណ្ណោះ បន្ទាប់ពីភាគីថៃមានការអន់ចិត្ត ដែលកម្ពុជាបង្កើតឱ្យមានកីឡា«គុណខ្មែរ» ដែលជាអត្តសញ្ញាណរបស់ខ្លួន។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ទោះជាភាគីថៃមិនបញ្ជូន ប្រភេទកីឡាប្រដាល់ Muay Thai មកចូលរួមជាកីឡា «គុណខ្មែរ»ក៏ដោយ ក៏ម្ចាស់ផ្ទះកម្ពុជាអាចធ្វើការប្រកួតកីឡានេះបានដែរ ព្រោះបើអត់មានភាគីថៃក៏មាន ៦ប្រទេសគាំទ្រប្រកួតដែរដោយសារច្បាប់របស់កីឡា ប្រសិនជាមាន៤ប្រទេសឡើងទៅអាចធ្វើការប្រកួតបានហើយ។ ដូច្នេះកម្ពុជាអត់ខ្វល់ចំពោះអ្នកណាមិនចូលរួមប្រកួតទេ។
លោកអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ក៏បានលើកឡើងដែរថា បើភាគីថៃមិនបញ្ជូនប្រភេទកីឡាប្រដាល់ Muay Thai មកចូលរួមជាមួយ គុណខ្មែរ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះទេ បើថៃប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ កម្ពុជាក៏មិនបញ្ជូនទៅដូចគ្នា នេះគឺជារឿងធម្មតា នៅពេលគេដាក់ Muay Thai យើងក៏អត់ចូលទៅប្រកួត។ ពេលយើងដាក់គុនខ្មែរ គេអត់មក។
សូមបញ្ជាក់ថា ប្រទេសដែលចូលរួមកីឡាគុណខ្មែរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមមាន ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី៕