ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនាឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម គេសង្កេតឃើញភ្ញៀវទេសចរបាននាំគ្នាដើរលេងកម្សាន្តយ៉ាងច្រើនកុះករ នៅតាមរមណីយ ដ្ឋាននានាក្នុងខេត្តប៉ៃលិន ដូចជា រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានចំការខ្នុរ និងរមណីយដ្ឋាន ដទៃទៀតក្នុងក្រុងប៉ៃលិន ជាពិសេសរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ហៅអូរតាវ៉ៅ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ចាប់តាំងពីដើមផ្លូវរហូតដល់កន្លែងទឹកជ្រោះភ្នំខៀវ ប្រជាពល រដ្ឋក៏ដូចជា ភ្ញៀវទេសចរដែលកាត់ខ្សែស្រឡាយចិនបាននាំគ្នាបើកបរម៉ូតូ និងរថយន្តចូលទៅលេងក្នុងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដោយអ្នកខ្លះមានវេចបាយ ម្ហូបអាហារ គ្រឿងភេសជ្ជ:ចូលហូបនៅតាមម្លប់ដើមឈើក្បែរទឹកហូរធ្លាក់មកពីលើភ្នំជាលក្ខណ:គ្រួសារ អ្នកខ្លះទៀត ក្រោយពេលទទួលទានអាហារថ្ងៃត្រង់រួចរាល់បាននាំគ្នាបើកបររថយន្តបន្តឆ្ពោះទៅលេងទឹកធ្លាក់ផ្នែកខាងលើ ដែលហូរឥតដាច់ធ្វើឱ្យម្នាក់ៗសប្បាយរីករាយបំបាត់នូវទុកកង្វល់ផ្តល់នូវថាមពលបន្ថែមទៀត។
ចំណែកអ្នកខ្លះ ក៏នាំគ្នាអង្គុយតាមខ្យុស ហូបអាហារជាលក្ខណ:គ្រួសារ និងជួបជុំមិត្តភក្តិ បងប្អូន យ៉ាងឆ្ងាញ់ពិសា ដោយទិញម្ហូបនៅកន្លែងរមណីយដ្ឋានខ្លះយកមកពីផ្ទះខ្លួនឯងខ្លះ ខណ:ដែលកម្មវិធីបុណ្យនេះ១ឆ្នាំម្តង ហើយនាំគ្នាអង្គុយលេងរហូតដល់ពេលល្ងាចទើបបើកបររថយន្តត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដោយមានភ្ញៀវមកពីក្នុងក្រុងប៉ៃលិន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងរហូតដល់រាជធានីភ្នំពេញផងដែរ។
ប្រភពដដែលបន្តទៀតថា ត្រង់កន្លែងលេងក្នុងរមណីយដ្ឋានខាងលើ មិនត្រឹមតែមានទឹកអូរត្រជាក់កាយសប្បាយចិត្តប៉ុណ្ណោះទេ ថែមទាំងមានលក្ខណ:ប្លែកភ្នែក ព្រោះរមណីយដ្ឋានខាងលើត្រូវបានរដ្ឋបាលខេត្តប៉ៃលិន រៀបចំតុបតែងកែលម្អយ៉ាងស្រស់ស្អាតគួរជាទីទាក់ទាញ មានខ្យុសថ្មីៗរាប់សិបខ្នង ត្រូវលាបពណ៌ចម្រុះ មានផ្លូវក្រាលបេតុង បង្កលក្ខណ:ងាយស្រួលឱ្យភ្ញៀវឡើងទៅលេងគ្មានបារម្ភ បញ្ហាគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែមានការកកស្ទះបន្តិច ព្រោះភ្ញៀវនាំគ្នាសម្រុកចូលទៅលេងច្រើនពេក៕