គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សូមគាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ និងសូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៦ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់ថា គណបក្សកាន់អំណាច បានគាបសង្កត់ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សភ្លើងទៀន។
ការអនុវត្តច្បាប់ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គល គឺជាការអនុវត្តនូវតួនាទី ភារកិច្ច នៃដែនសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័នតុលាការ ស្របតាមរដ្ឋធម្មនុញ្ញ គោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងបទដ្ឋានគតិយុត្តិទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះជនដែលប្រព្រឹត្តខុសនឹងបទបញ្ញត្តិជាធរមាន ដោយមិនសំដៅលើមនុស្សមួយក្រុម ឬថ្នាក់ដឹកនាំ សកម្មជនរបស់គណបក្សណាមួយនោះទេ។
ស្របតាមស្មារតីនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មិនអាចទទួលយកបានជាដាច់ខាតចំពោះចេតនាទុច្ចរិតរបស់គណបក្សភ្លើងទៀន ដែលបានបង្កាច់បង្អួច កិត្តិយស កេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន និងបានប្រើប្រាស់ការមិនគោរពច្បាប់របស់បុគ្គលជាថ្នាក់ដឹកនាំរបស់ខ្លួន បំភ័ន្តសាធារណជនថាជារឿងនយោបាយ សម្រាប់ទាញប្រយោជន៍នយោបាយ និងបម្រើភាពអាត្មានិយមរបស់បក្សខ្លួន។
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំជូនគណបក្សប្រជាជនកម្ពុជា និងសូមប្រកាសគាំទ្រនូវវិធានការច្បាប់ទាំងឡាយចំពោះ បុគ្គល និងក្រុមជ្រុលនិយម ដែលមានចេតនាទុច្ចរិត បំផ្លិចបំផ្លាញកិត្តិយសកេរ្ដិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសកម្មភាពនានា ដែលអាចបង្កចលាចលសង្គម អស្ថិរភាពនយោបាយ និងប៉ះពាល់ដល់សុខដុមនីយកម្មនសង្គមជាតិ៕