នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តប៉ៃលិន មានការប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាជាតិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ជូនដល់មន្ត្រីទទួលហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរសុខាភិបាល ។ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ចើញចូលរួមពីលោកប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត លោកប្រធានរតនាគារ និងអភិបាលរងក្រុង-ស្រុក លោក- លោកស្រី មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ ស្មៀន ទូទាំងខេត្ត បានចូលរួមនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ច បានលើកឡើងថា ៖ ផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០១៤ សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការរៀបចំអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកប្រធានមន្ទីរសេដ្ឋកិច្ចបន្តថា៖ ផ្អែកលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ សារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីកំណត់នូវក្របខ័ណ្ឌ និងវិធានការដើម្បីបង្កើននូវប្រសិទ្ធភាពនៃការប្រមូលចំណូល អាទិភាពចំណាយ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងការវិភាជថវិកាដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃទំហំថវិកា និងអាទិភាពគោល ស្តីពីនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសតាមគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាលគឺការចុះបញ្ជីការដោយការប្រើប្រាស់នូវប្រព័ន្ធ NRNMIS សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥» ដែលជាការកែទម្រង់រយៈពេលវែង និងគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ត «ថវិកាកម្មវិធី» ជាបណ្ដើរៗ ដើម្បីធានាឱ្យបានការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ជាពិសេសគោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតម្រឹមជាមួយនឹងគោលបំណងអាទិភាពគោលនយោបាយជាតិនិងហិរញ្ញវត្ថុជាក់លាក់។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ៖ក្នុងគោលដៅនេះ ការធ្វើសមាហរណកម្ម ផែនការនីយកម្មមានភាពចាំបាច់ ដើម្បីឱ្យផែនការយុទ្ធសាស្ត្ររដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ទំនាក់ទំនងគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្ត ថ្នាក់ជាតិ (មន្ទីរជំនាញរាជធានី-ខេត្ត)។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ដែរថា៖ ជាមួយគ្នានោះ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្ត្រថវិកា គឺធ្វើការកែលម្អ និងផ្លាស់ប្ដូរជាជំហានៗ វដ្ដថវិកានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ពិសេស កំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅតាមដំណាក់កាល នៃវដ្តថវិកា ដែលរួមទាំងការធ្វើស្ថាប័ននីយកម្មជាបណ្ដើរៗនៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិដែលសុក្រិត្យភាពច្បាស់លាស់ទៀតផង៕ (អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម)