(អន្តរជាតិ)៖ លោក Messina Denaro គឺជាមេក្រុមបងធំ Sicilian Cosa Nostra ហើយបានគ្រប់គ្រងចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយបានរត់គេចអស់រយៈពេល៣០ឆ្នាំ ពេលនេះត្រូវប៉ូលិស របស់ប្រទេសអ៊ីតាលី ចាប់បានហើយ ។
គាត់ត្រូវបានឃាត់ខ្លួននៅមន្ទីរពេទ្យឯកជនមួយ ក្នុងតំបន់ Sicilian នៃទីក្រុង Palermo ជាកន្លែងដែលគាត់ កំពុងទទួលការព្យាបាលជំងឺ។
យោងយាមទូរទស្សន៍រដ្ឋអ៊ីតាលី គាត់ត្រូវបានគេនាំ ទៅកាន់ទីតាំងសម្ងាត់មួយ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន។
លោក Messina Denaro ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់តួនាទីរបស់គាត់នៅក្នុងការសម្លាប់រដ្ឋអាជ្ញាប្រឆាំងក្រុមបងធំ Giovanni Falcone និង Paolo Borsellino កាលពីឆ្នាំ១៩៩២។ គាត់ក៏ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់តួនាទីរបស់គាត់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Florence, Rome និង Milan ដែលបានសម្លាប់មនុស្ស ១០ នាក់នៅឆ្នាំបន្ទាប់នោះ។ លោក Messina Denaro ក៏ត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវតែម្នាក់ឯង ឬរួមគ្នាផងដែរ ចំពោះករណីឃាតកម្មជាច្រើនផ្សេងទៀតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០៕