ឧត្ដរមានជ័យ៖ ប្រាសាទតាក្របី ជាប្រាសាទបុរាណ ដែលត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ នៅលើជួរភ្នំដងរែក នៅជាប់ព្រំដែន កម្ពុជា-ថៃ។ ប្រាសាទនេះ ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទនេះ មានឈ្មោះដើមថា ប្រាសាទដង្វាយ។ ប្រាសាទនេះ ត្រូវបានកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម និងមានគោបុរៈបែរទៅទិសទាំងបួន។
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្ដរមានជ័យ ប្រាសាទមួយនេះ ត្រូវបានគេស្គាល់ច្រើន បន្ទាប់ពីមានការប្រយុទ្ធគ្នា រវាងទាហានកម្ពុជា និងថៃ ដើម្បីគ្រប់គ្រងប្រាសាទមួយនេះ។ ចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ ពីប្រាសាទតាក្របីនេះ មាន ប្រាសាទតាមន្ត ដែលស្ថិតនៅជួរភ្នំដងរែក ដូចគ្នា។
បច្ចុប្បន្ននៅប្រាសាទតាក្របីនេះ មានការយាមល្បាតរួមគ្នារវាងទាហានខ្មែរ និងទាហានថៃ។ នៅប្រាសាទនេះ ទាំងទេសចរខ្មែរ និងថៃ អាចចូលទៅទស្សនាបានដូចគ្នា ដោយមានទាហានជូនទៅទស្សនា។
ដោយឡែក ផ្លូវឡើងទៅកាន់ប្រាសាទមួយ ងាយស្រួលជិះយានជំនិះឡើង។ ប៉ុន្តែនៅប្រាសាទនេះ មិនមានការលក់ដូរម្ហូបអាហារនោះឡើយ ដូច្នេះទេសចរដែលមានបំណងទៅទស្សនាប្រាសាទនេះ គួរត្រៀមអាហារ ឬទឹក ទៅជាមួយ៕