អភិបាលរងខេត្តប៉ៃលិន លោក ម៉ើង លីដា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិនបានថ្លែងថា៖ ព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃជាសាវ័កមានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពលរដ្ឋល្អតាមរយៈពុទ្ធឱវាទល្អៗរបស់ព្រះសម្មាសម្ពុទ្ធនៃយើង។
លោកអភិបាលរងខេត្ត បានលើកឡើងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី ១៤ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ឆរៈមហាសន្និបាត លើកទី ៣០ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី។ ដែលពិធីមានការយាងនិមន្តចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះរាជាគណះថ្នាក់ទោ សមាជិកថេរសភា ព្រះអគាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះអនុប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការនិមន្តចូលរួមពីព្រះមេគុណខេត្ត និងព្រះគ្រូចៅអធិការវត្តជុំវិញខេត្ត និងអ្នកចូលរួមសរុបប្រមាណ ៣០០អង្គនាក់ផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងបន្តថា៖ ព្រះសង្ឃក៏អាចចូលរួមផ្សព្វផ្សាយអំពី គោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព ពោលគឺបើសង្គមយើងមានមនុស្សល្អកាន់តែច្រើន មនុស្សអាក្រក់កាន់តែតិច នោះអំពើអបាយមុខនៅក្នុងសង្គមក៏នឹងកាត់បន្ថយបាន ហើយស្ថេរភាពសណ្ដាប់ធ្នាប់ក្នុងសង្គមក៏នឹងកើតឡើង ដែលជាចំណុចស្នូលនៃជ្រុងមួយ នៃយុទ្ធសាស្ត្រចតុកោណក្រោមនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា៖ ទន្ទឹមនឹងនេះ តាមរយៈវិស័យពុទ្ធិកសិក្សា ព្រះពុទ្ធសាសនាបានជួយបណ្ដុះបណ្ដាលធនធានបព្វជិតជាច្រើន ដែលជាកុលបុត្រក្រីក្រ ឲ្យក្លាយទៅជាបញ្ញវ័ន្តសង្ឃប្រកបដោយសមត្ថភាពនៅក្នុងសង្គម ដែលនេះគឺជាការចូលរួមមួយទៀតនៃយុទ្ធសាស្ត្រចតុកោណ គឺការចូលចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សនេះឯង។
ស្ថិតក្នុងឱកាសនោះដែរ លោក ម៉ើង លីដាអភិបាលរងខេត្ត បានមានប្រសាសន៍សំណូមពរដល់ព្រះសង្ឃទាំងអស់ សូមជួយថែរក្សាកេរតំណែលដូនតាទៅតាមតួនាទី ដែលធ្លាប់ធ្វើកន្លងមកហើយ និងដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបណ្ដុះគំនិតថែរក្សាបន្តផង និងសូមស្នើព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការទាំងអស់ មេត្តាបន្តជួយដល់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ឲ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន បញ្ឈប់អំពើហិង្សាគ្រប់ប្រភេទ ល្បែងស៊ីសងគ្រប់ទម្រង់ផងដែរ។
ព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន បានមានសង្ឃដីកាថា៖ តាមស្មារតីអង្គអនុសំវច្ឆរមហាសន្និបាត លើកទី៣០នេះ នឹងបានជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរជូនជាតិ មាតុភូមិ ប្រជាជន និង ព្រះពុទ្ធសាសនា ដោយឆន្ទៈប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយគណៈសង្ឃ នៃគណៈមហានិកាយ នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ និងអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ទៀតអោយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋប្រកបដោយភាពរីកចម្រើនជាបន្តបន្ទាប់។ ហើយក្នុងនាមព្រះអង្គជាព្រះមេគុណខេត្ត ប៉ៃលិនបានគិតគូរយកចិត្តទុកដាក់ខ្ពស់លើវិស័យសាសនា ដោយបានណែនាំគ្រប់វត្តអារាមត្រូវមានសាមគ្គីភាព សេចក្តីថ្លៃថ្នូរ វិន័យ និងការផ្សារភ្ជាប់វិស័យពុទ្ធចក្រ អាណាចក្រ នៅក្នុងខេត្តប៉ៃលិនមានភាពរីកចម្រើនជាបន្តបន្ទាប់ផងដែរ។
ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា បានលើកជាសំណូមពរមួយចំនួន ក្នុងន័យជំរុញលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ នៅក្នុងសង្គម មានដូចខាងក្រោម ៖ ១.សូមព្រះមេគុណ និងព្រះមន្ត្រីសង្ឃគ្រប់ថ្នាក់ បន្តដឹកនាំពិនិត្យការអនុវត្តសង្ឃប្រកាសដែលបានដាក់ចេញកន្លងមក ព្រោះសង្ឃប្រកាសទាំងអស់នោះ សុទ្ធតែនៅមានសុពលភាព និងមានប្រយោជន៍ដល់ការងារគ្រប់គ្រងវិស័យព្រះពុទ្ធសាសនារបស់យើង។ ២.សូមឲ្យព្រះមន្ត្រីសង្ឃ ព្រះអនុគុណគ្រប់ក្រុង/ស្រុក ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ និង អ្នកពាក់ព័ន្ធទាំងអស់ មេត្តាពង្រឹងការគ្រប់គ្រងការបំបួសកុលបុត្រ ធ្វើយ៉ាងណាឲ្យការបំបួសនោះ ប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនាផង និងច្បាប់របស់រដ្ឋផង។៣.សូមឲ្យព្រះមន្ត្រីសង្ឃ ព្រះអនុគណគ្រប់ក្រុង/ស្រុក ព្រះចៅអធិការ រដ្ឋបាលក្រុង/ស្រុក និង អ្នកពាក់ព័ន្ធទាំងអស់ ជំរុញការរៀបចំអាចារ្យ គណៈកម្មការតាមបណ្ដាវត្តអារាម ឲ្យស្របតាមគោលការណ៍ច្បាប់របស់ក្រសួងធម្មការ និងសាសនា។ ៤.សូមឲ្យព្រះមន្ត្រីសង្ឃ ព្រះអនុគណគ្រប់ក្រុង/ស្រុក ព្រះចៅអធិការ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យករណីរៃអង្គាសតាមបែបអនាធិបតេយ្យ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ចៀសនូវការរិះគន់ពីមជ្ឈដ្ឋានទូទៅផង និងចូលរួមទប់ស្កាត់ដល់ជនខិលខូចមួយនចំនួន ដែលតែងតែយកព្រះពុទ្ធសាសនា មកប្រើប្រាស់ បម្រើឲ្យផលប្រយោជន៍បុគ្គលខូចរបស់ខ្លួនផង ។ ៥.សូមឲ្យព្រះមន្ត្រីសង្ឃ ព្រះអនុគណគ្រប់ក្រុង/ស្រុក ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការគ្រប់វត្តនិងអ្នកពាក់ព័ន្ធទាំងអស់បន្តជួយគាំទ្រ និងពង្រឹងវិស័យពុទ្ធិកសិក្សាផងដែរ ។
បើតាមរបាយការណ៍របស់លោក សំ សាវឿន បានអោយដឹងថា៖ បច្ចុប្បន្នវត្តអារាមគណៈមហានិកាយក្នុងខេត្តប៉ៃលិនមានចំនួន ២៨វត្ត និងមណ្ឌលវិប្បស្សនាចំនួន ០១កន្លែង ដោយក្នុងនោះមានព្រះភិក្ខុចំនួន៩៤ អង្គ សាមណេរចំនួន ២០០អង្គ សរុបមានចំនួន២៩៤អង្គ។ ដោយឡែកវត្តអារាមគណៈធម្មយុត្តិកនិកាយក្នុងខេត្តប៉ៃលិនមានចំនួន ០៦វត្ត មានព្រះភិក្ខុចំនួន០៧អង្គ សាមណេរចំនួន៤៨អង្គ សរុបចំនួន៥៥អង្គ។ សរុបរួមទាំងពីរគណៈមានវត្តចំនួន ៣៥វត្ត និងមណ្ឌលវិប្បស្សនា មានព្រះភិក្ខុចំនួន១០១អង្គ សាមណេរចំនួន ២៤៨ សរុបរួមចំនួន៣៤៩អង្គ។
ចំពោះពុទ្ធិកសិក្សាទូទាំងខេត្តប៉ៃលិន មានសាលាពុទ្ធិកបឋមសិក្សាចំនួនមានសាលាពុទ្ធិកបឋមសិក្សាចំនួន១៣សាលា មានសាមណៈសិស្សសរុបចំនួន១១០អង្គ។ ចំណែកសាលាពុទ្ធិកៈមធ្យមសិក្សា ចំនួន០១សាលា មានសាមណៈសិស្សសរុបចំនួន៥៤អង្គ៕