(បរទេស)៖ យ៉ាងហោចណាស់មនុស្ស ៦៨នាក់បានស្លាប់ នៅពេលដែលជើងហោះហើរ ពីទីក្រុង Kathmandu ទៅកាន់ទីក្រុងទេសចរណ៍ Pokhara រួចបានធ្លាក់ និងឆេះកាលពីព្រឹកថ្ងៃអាទិត្យ។នៅក្នុង
ខ្សែវីដេអូ តាមទូរសព្ទដៃ បានបង្ហាញឲ្យឃើញពីជើងហោះហើរ របស់ក្រុមហ៊ុន Yeti Airlines វិលយ៉ាងខ្លាំង ពេលដែលហោះហើរ មកជិតអាកាសយានដ្ឋាន។
គេមិនទាន់ដឹងច្បាស់ថា មូលហេតុធ្លាក់យន្តហោះនេះ មកពីមូលហេតុអ្វីនោះទេ ប៉ុន្តែប្រទេសនេប៉ាល់ មានប្រវត្តិសោកនាដកម្ម នៃឧបទ្ទវហេតុធ្លាក់យន្តហោះ បណ្តាលឲ្យស្លាប់។ នៅក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ជនរងគ្រោះ ដែលមានជំនួយពីទាហាននេប៉ាល់រាប់រយនាក់ ត្រូវបានផ្អាកមួយយប់ ដោយសារយប់ងងឹត ក៍ប៉ុន្តែត្រូវបន្តឡើងវិញ នៅព្រឹកថ្ងៃចន្ទនេះ។
តាមប្រភពព័ត៌មានពីអាកាសយានដ្ឋាន បានឲ្យដឹងថា ជើងហោះហើរ Yeti Airlines ពី Kathmandu ទៅកាន់ទីក្រុងទេសចរណ៍ Pokhara បានចាកចេញពីរដ្ឋធានីនេប៉ាល់បន្ទាប់ពីម៉ោង ១០.៣០ (០៤.៤៥ GMT) សម្រាប់ការធ្វើដំណើរដ៏ខ្លីមួយ។ វាមានអ្នកដំណើរ៦៨ នាក់នៅលើយន្តហោះ រួមទាំងជនបរទេសយ៉ាងតិច១៥ នាក់ និងសមាជិកនាវិក ០៤ នាក់។
ក្នុងចំណោមអ្នកដំណើរទាំង៥៣នាក់ត្រូវបានគេនិយាយថាជាជនជាតិនេប៉ាល់។ មានជនជាតិឥណ្ឌា៥នាក់ រុស្ស៊ី៤នាក់ និងកូរ៉េ២នាក់នៅលើយន្តហោះ។ ក៏មានអ្នកដំណើរម្នាក់មកពីប្រទេសអៀរឡង់ អូស្ត្រាលី អាហ្សង់ទីន និងបារាំងក្នុងចំណោមអ្នកផ្សេងទៀតផងដែរ។
មុននេះបន្តិច ទូរទស្សន៍ក្នុងស្រុក រាយការណ៍ថា ក្រុមអ្នកជួយសង្រ្គោះ កំពុងរកជុំវិញផ្នែក ដែលឆេះនៃយន្តហោះ ដែលបានបុកដី ក្នុងជ្រលងទន្លេ Seti ដែលមានចម្ងាយ ជាងមួយគីឡូម៉ែត្រ ពីព្រលានយន្តហោះ។ ភាគច្រើននៃអ្នកដំណើរ និងនាវិកចំនួន ៧២នាក់បានស្លាប់ ប៉ុន្តែមានរបាយការណ៍មិនបានបញ្ជាក់ ដែលថាមនុស្សមួយចំនួន បានរួចរស់ជីវិត ទោះបីជាមានរបួសធ្ងន់ធ្ងរក៏ដោយ។
នាយករដ្ឋមន្ត្រីនេប៉ាល់ បានប្រកាសថ្ងៃច័ន្ទ ជាថ្ងៃកាន់ទុក្ខជាតិ ហើយរដ្ឋាភិបាល បានបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេត រកមូលហេតុ នៃគ្រោះមហន្តរាយនេះផងដែរ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុអាកាសចរណ៍ មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសនេប៉ាល់។ ប្រជាជាតិហិមាល័យមួយនេះ សម្បូរទៅដោយភ្នំ ហើយមានទីតាំងពិបាកធ្វើដំណើរបំផុត។ កង្វះការវិនិយោគលើយន្តហោះថ្មី និងបទប្បញ្ញត្តិមិនល្អ ក៏ត្រូវបានស្តីបន្ទោសផងដែរនាពេលកន្លងមក។
កាលពីខែឧសភាឆ្នាំ២០២២ យន្តហោះ Tara Air បានធ្លាក់នៅភាគខាងជើងប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សចំនួន២២នាក់។ កាលពី៤ឆ្នាំមុន មនុស្ស៥១នាក់បានស្លាប់ នៅពេលជើងហោះហើរចេញពីប្រទេសបង់ក្លាដែស បានឆាបឆេះខណៈចុះចតនៅទីក្រុង Kathmandu៕