(ភ្នំពេញ)៖ដំណាំស្វាយចន្ទី ត្រូវបានកសិករដាំដើម្បីយកគ្រាប់ ក្រៅពីនោះគេអាចធ្វើជាទឹកផ្លែឈើ ដំណាប់ ទឹកខ្មេះ និងអាចហូបដោយផ្ទាល់។ ដំណាំស្វាយចន្ទី ក៏ជាដំណាំពេញនិយមមួយ សម្រាប់កសិករ ព្រោះជាដាំណាំដែលស្រួលដាំដុះ និងមិនរើសទីតាំងផងដែរ ទោះបីជាយ៉ាងណាកសិករ គួរស្វែងយល់ពីបច្ចេកទេសដាំដុះ និងការថែទាំ ដើម្បីបង្កើនទិន្នផល។ ដើម្បីស្វែងយល់ ពីបច្ចេកទេសដាំ និងការថែទាំ យើងខ្ញុំ សូមដកស្រង់បច្ចេកទេសដាំស្វាយចន្ទី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដូចតទៅ។
ជាទូទៅដំណាំស្វាយចន្ទី មានរយៈពេលវែង ហើយការលូតលាស់ របស់វាមានច្រើនដំណាក់កាលច្រើន ដូច្នេះ គេអាចដាំចំរុះនូវដំណាំផ្សេងបាន។ ហើយចំណុចដំបូង ត្រូវស្វែងយល់ពីបច្ចេកទេសដាំដុះ៖ មុនដាំ ត្រូវរៀបចំដីឲ្យបានល្អ កាប់ឆ្ការព្រៃ រៀបចំផ្លូវ និងមានប្រព័ន្ធទឹក។ កូនស្វាយចន្ទី ដែលត្រូវដាំ ត្រូវមានទម្ងន់ពី ៥ក្រាមក្នុង ១គ្រាប់ ហើយពេលយកគ្រាប់ទៅត្រាំ មិនអណ្ដែតទឹក។
វគ្គទី១ការបណ្ដុះកូន៖ យកគ្រាប់ទៅដាក់កប់ក្នុងថ្នាលដែលយើង ដីខ្សាច់កម្រាស់ ១៥សង់ទីម៉ែត្រ។ ការដាក់គ្រាប់ត្រូវយកខាងផតចុះក្រោម និងងើយក្បាលគ្រាប់ឡើងបន្តិច រួចរោយខ្សាច់ពីលើ។ បន្ទាប់មកត្រូវស្រោចទឹក ២ដងក្នុងមួយថ្ងៃ។ ចំណាំ៖ ចំពោះការដាំស្វាយចន្ទី គេអាចដាំគ្រាប់ បណ្ដុះកូន សាកមែក ជាដើម។
វគ្គទី២ការដាំ៖ ទោះបីស្វាយចន្ទីធន់ នឹងភាពរាំងស្ងួតតែវគ្គដំបូងនៃការលូតលាស់វាត្រូវការទឹក ដើម្បីការលូតលាស់។ ហើយរដូវកាលនៃលូតលាស់គឺនៅដើមខែ មិថុនា និងកក្កដា។ ត្រូវមានការប្រុងប្រយ័ត្ននៅពេលយកកូនពីថ្នាលបណ្ដុះ ដើម្បីមកដាំក្នុងរណ្ដៅមិនត្រូវឲ្យប៉ះពាល់ដល់ឬសនោះទេ។
វគ្គទី៣ការប្រើប្រាស់ជី និងការមើលថែ៖ ត្រូវសំអាតស្មៅនៅតាមរង និងគល់ស្វាយចន្ទីជាប្រចាំ។ និងការបំប៉ន ដាក់ជី តាមកម្រិតនៃអាយុកាលរបស់ស្វាយចន្ទី និងត្រូវដាក់នៅជុំវិញដើម។ ហើយពេលវេលានៃការដាក់ជីត្រូវធ្វើឡើងក្នុងមួយឆ្នាំ ៣ដង គឺនៅដើមរដូវ ចុងរដូវ និងពេលកាន់ផ្លែ។ ដំណាំស្វាយចន្ទីជាប្រភេទដែលសម្បូរដោយសត្វចង្រៃបំផ្លាញ និងជំងឺ ដូច្នេះត្រូវមើលថែឲ្យបានដិតដល់។
វគ្គទី៤ការប្រមូលផល៖ ជាធម្មតាស្វាយចន្ទីចាប់ផ្ដើមឲ្យផលនៅរយៈពេល ២ ទៅ ៣ឆ្នាំដំបូង។ ហើយការប្រមូលផលគួរប្រមូលយកផ្លែដែលទុំ និងគ្រាប់ដែលធ្លាក់នៅលើដី។ ហើយបើប្រមូលផែដែលទុំមិនល្អ គ្រាប់ស្វាយចន្ទីមានភាពស្វិត គុណភាពមិនល្អ និងមិនអាចធ្វើជាគ្រាប់ពូជបានទៀតផង។
ហើយជាទូទៅដំណាំស្វាយចន្ទី ឲ្យផលនៅឆ្នាំដំបូងៗ គឺវាផ្ដល់ផលតិច រហូតស្វាយចន្ទីមានអាយុ ១០ឆ្នាំទើបទិន្នផលកើនឡើង ជាបន្តបន្ទាប់ផងដែរ។ក្រោយពីប្រមូលទិន្នផល គ្រាប់ស្វាយចន្ទី ត្រូវហាល ព្រោះការប្រមូលតាមរដូវ អាចធ្វើឲ្យគ្រាប់ស្វាយចន្ទីមានសំណើម និងមិនស្ងួតល្អផងដែរ៕