(កីឡាបរទេស)៖ សារព័ត៌មាន របស់ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្លិបបាល់ទាត់ Al Hilal SFC ចង់ចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដោយសន្យាផ្តល់ថ្លៃនឿយហត់១ឆ្នាំ ៣០០លានអឺរ៉ូ។ ក្លិបបាល់ទាត់ Al Hilal សមាជិកលីគកំពូល របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងស្លាប់រស់ របស់ Al Nassr ក្លិបថ្មីរបស់ Cristiano Ronaldo ក្រោយបង្កភាពភ្ញាក់ផ្អើល ដល់ពិភពលោក ដោយហ៊ានផ្តល់ថ្លៃនឿយហត់មួយឆ្នាំ ១៧២.៩លានអឺរ៉ូ ដល់ខ្សែប្រយុទ្ធព័រទុយហ្គាល់។
ដូច្នេះ Al Hilal ដែលមានម្ចាស់ក្លិប ជាខ្សែរាជវង្ស គឺព្រះអង្គម្ចាស់អារ៉ាប់ Abdulrahman Bin Saeed គ្រោងនឹងចំណាយលើសអ្វីដែល Al Nassr ផ្តល់ជូន Cristiano Ronaldo គុណនឹង២ ពោលគឺ Messi នឹងទទួលបានថ្លៃនឿយហត់១ឆ្នាំ ៣០០លានអឺរ៉ូ បើសិនស៊ីញេកុងត្រាចូលក្រុមអារ៉ាប៊ីសាអូឌីតមួយនេះ។
បច្ចុប្បន្នកិច្ចសន្យារបស់ Messi ជាមួយក្លិបបាល់ទាត់ Paris Saint-Germain ជិតផុតសុពលភាពហើយ ខណ:ក្លិបកំពុងជំរុញឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបន្តកុងត្រាថ្មីចំនួន១រដូវកាលបន្ថែមទៀតនៅទឹកដី Parc des Princes។
នៅក្នុងឆ្នាំ ២០២២ ខ្សែប្រយុទ្ធ Lionel Messi បានជួយឱ្យអាហ្សង់ទីន គ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួន និងជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៦ មកដែលពួកគេបានឈ្នះលើកចុងក្រោយ និងឈ្នះលើកដំបូងនៅឆ្នាំ ១៩៧៨។
ក្នុងនោះ Lionel Messi គឺជាកីឡាករដំបូងគេដែលអាចស៊ុតបញ្ចូលទីក្នុងវគ្គជម្រុះចែកពូល, វគ្គ១៦ក្រុមចុងក្រោយ, វគ្គ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។
ពានរង្វាន់សរុបរបស់ Lionel Messi ក្នុងអាជីពកីឡាករបាល់ទាត់ក្រោយឈ្នះ World Cup៖
ឈ្នះ Champions League ៤សម័យកាល
ឈ្នះ La Liga ១០សម័យ
ឈ្នះ Copa America ១ដង
ឈ្នះ Ballon d’Or ចំនួន៧
ឈ្នះ World Cup ១ដង។
គួររំលឹកផងដែរថា ក្លិប Al-Hilal ដែលចង់នាំយក Lionel Messi ចូលរួមគឺស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត បច្ចុប្បន្នក្លិបមួយនេះឈ្នះជើងឯកច្រើនជាងគេសរុប១៨ដង ខណ: Al Nassr របស់ Ronaldo ឈ្នះបានត្រឹមតែ៩ដងប៉ុណ្ណោះ៕