ចិន ៖ មន្ត្រីជាន់ខ្ពស់ចិនមួយរូប នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បាននិយាយថា ស្ទើរតែ ៩០% នៃប្រជាជននៅក្នុងខេត្តហឺណាន (Henan) ដែលមានប្រជាជនច្រើនលំដាប់ទី៣ របស់ប្រទេសចិន ឥឡូវនេះ បានឆ្លងកូវីដ១៩ ខណៈបច្ចុប្បន្នប្រទេសនេះ កំពុងតែប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លង ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ។
លោក Kan Quncheng ប្រធានគណៈកម្មការសុខាភិបាលប្រចាំខេត្តហឺណាន បានប្រាប់សន្និសីទសារព័ត៌មានថា «គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ របស់ខេត្តគឺ ៨៩% ជាមួយចំនួនប្រជាជនសរុបប្រមាណ ៩៩.៤លាននាក់ ដែលតួលេខនេះ បង្ហាញថា ប្រជាជនប្រហែល ៨៨.៥លាននាក់ នៅក្នុងខេត្ត Henan ឥឡូវនេះ ប្រហែលជាបានឆ្លងកូវីដ១៩។ លោកបាននិយាយថា ការទៅស្នាក់ព្យាបាលនៅគ្លីនិកគ្រុនក្តៅ បានឈានដល់កម្រិតកំពូល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ប្រទេសចិន បច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុក បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីលុបចោលការបិទខ្ទប់ ការធ្វើចត្តាឡីស័ក រួមនិងការធ្វើតេស្តទ្រង់ទ្រាយធំជាច្រើនឆ្នាំ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន និងបង្កឱ្យមានការតវ៉ា នៅទូទាំងប្រទេសយ៉ាងកម្រ។
ទីក្រុងប៉េកាំងប្តេជ្ញាបន្តជាមួយនឹងការបើកដំណើរការប្រទេសឡើងវិញ ដោយបានដកវិធានការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវបរទេសទាំងអស់ និងការបើកព្រំដែនរបស់ខ្លួនជាមួយទីក្រុងពាក់កណ្តាលស្វយ័តភាគខាងត្បូង នៃទីក្រុងហុងកុងផងដែរ។
ប៉ុន្តែទោះយ៉ាងណា ការឆ្លងត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេលដែលប្រទេសនេះ ប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅចុងខែមករានេះ ដោយមនុស្សរាប់លាននាក់រំពឹងថា នឹងធ្វើដំណើរពីទីក្រុងធំៗ ដើម្បីទៅសួរសុខទុក្ខសាច់ញាតិចាស់ៗរបស់ពួកគេ ដែលងាយរងគ្រោះនៅតាមជនបទ។
ទិន្នន័យផ្លូវការ បានបង្ហាញកាលពីសប្តាហ៍មុនថា មនុស្សត្រឹមតែ ១២ម៉ឺននាក់ប៉ុណ្ណោះ ដែលបានឆ្លងកូវីដ១៩ និង ៣០នាក់ បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីប្រទេសចិនបានបន្ធូរបន្ថយការទប់ស្កាត់ជំងឺរាតត្បាតនេះ កាលពីដើមខែធ្នូ។
ប៉ុន្តែជាមួយគ្នានោះ ទីក្រុងប៉េកាំងកាលពីខែមុន បានបង្រួមនិយមន័យនៃចំនួនអ្នកស្លាប់ដោយកូវីដ១៩ និងការធ្វើតេស្តទ្រង់ទ្រាយធំលែងជាកាតព្វកិច្ច ដែលទិន្នន័យរបស់វាលែងឆ្លុះបញ្ចាំងពីទំហំការពិតនៃការផ្ទុះឡើងទៀតហើយ៕