នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ គម្រោង( ហូកា ) បានសហការជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងជ្រើសរើសសិក្ខាកាមចូលរៀនជំនាញគេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្ត ក្រោមអធិបតីភាពលោក ងួន លីណា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោក គង់ ដារ៉ា ប្រធានគ្រប់គ្រងបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច កម្មវិធីអភិវឌ្ឍន៍ជំនាញ ប្រធានមន្ទីរទេសចរណ៍ខេត្ត គណៈអភិបាលក្រុង-ស្រុក លោក-លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត តំណាងគម្រោង ( ហូកា ) ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងម្ចាស់សេវាកម្មនិងអាជីវកម្មជាច្រើនរូបទៀត។
លោក គង់ ដារ៉ា ប្រធានគ្រប់គ្រងបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច កម្មវិធីអភិវឌ្ឍន៍ជំនាញ បានមានប្រសាសន៍ឱ្យដឹងថា៖ កម្មវិធីបណ្តុះបណ្តាលហូកាត្រូវបានរៀបចំឡើងសម្រាប់អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មក្នុង វិស័យបដិសណ្ឋារកិច្ច ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យមានភាពរីកចម្រើន។ ហើយ ហូកា ក៏ចូលរួមចំណែកកសាងសមត្ថភាពគ្រូបង្គោលនៃមន្ទីរទេសចរណ៍ខេត្តគោលដៅ ឱ្យមានលទ្ធភាពអាចផ្តល់ការបណ្ដុះបណ្តាល បន្ដដល់អ្នកជំនាញទេសចរណ៍ក្នុងខេត្តនិងខេត្តជុំវិញ។
លោក ងួន លីណា អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ វិស័យទេសចរណ៍ គឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៍ជាភាគីពាក់ព័ន្ធដ៍សំខាន់មិនអាចខ្វះបាន ដែលចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងអំឡងនិងក្រោយ វិបត្តជំងឺកូរិដ-១៩។ ជាពិសេសលោកបានមានប្រសាសន៍បន្តថា៖ កម្មវិធីបណ្តុះបណ្តាលនេះបានដើរតួយ៉ាងសំខាន់ក្នុងឧស្សាហកម្មទេសចរណ៍ដែលឆ្លើយតបតាមតម្រូវការអាជីវកម្មដែលមានជំនាញជាច្រើន ជាក់ស្ដែងបានចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពយុវជន-យុវនារី អោយប្រតិបត្តិករទេសចរណ៍ និងបង្កើតបាននូវឱកាសការងារ ក៍ដូចជាប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះលោក អភិបាលរងខេត្ត បានមានប្រសាសន៍អំពាវនាវដល់ម្ចាស់សេវាកម្មនិងអាជីវកម្មទូទាំងខេត្តដែលបានចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងជ្រើសរើសសិក្ខាកាមចូលរៀនជំនាញ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ។ ហើយសិក្ខាម ដែលបានរៀននិងយល់ដឹងនាពេលនោះ សូមឱ្យម្ចាស់សេវាកម្មនិងអាជីវកម្ម ត្រូវយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្តដល់បុគ្គលិក ម្ចាស់សេវាកម្មនិងអាជីវកម្មផ្សេងៗទៀតនៅចំណុចខ្វះខាតមួយចំនួនត្រូវបំពេញបន្ថែម ដើម្បីឱ្យអាជីវកម្មរបស់យើងផ្តល់សេវាកម្មអោយកាន់តែល្អប្រសើរផងដែរ៕