រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមអាមេរិក និងក្រសួងស្ថាប័នពានក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិត ផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាមេរិកឲ្យកាន់តែច្រើនថែមទៀត។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមប៉ាន សូរស័ក្តិ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានី វ៉ាស៊ីងតោន សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៣។
ជំនួបពិភាក្សាគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។
នៅក្នុងជំនួបឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹងចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផល គ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា គឺសំដៅរួមចំណែកក្នុង ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖«ក្រសួងពាណិជ្ជកម្មនឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកស្រី Anbinh Phan បានកោតសរសើរ និងវា.យតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីៗដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។
លោកស្រី ក៏បានជម្រាបផង ដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្ត្រី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អជាមួយអ្នកផលិតនៅកម្ពុជាលើវិស័យសម្លៀកបំពាក់វាយនភ័ណ្ឌ និងកសិកម្ម។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការខិតខំសហការជាមួយក្រុមហ៊ុន Walmart និងគាំទ្ររាល់គោលបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចនៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕