ភ្នំពេញ ៖ រថយន្តកុងតឺន័របស់ក្រុមហ៊ុនផែស្ងួត លី ឆាម ១គ្រឿងខណៈកំពុងលឿនផង ស្រាប់តែរេចង្កូតឆ្លងផ្លូវបោលបុ.កបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម បណ្ដាលឲ្យបាក់ រួចជ្រុលទៅបុ.កចូលផ្ទះលក់គ្រឿងម្ជូរយីហោម៉ាក់ វិច្ឆិកា និងផ្ទះជួសជុលម៉ូតូមួយកន្លែងទៀត បណ្ដាលឲ្យរងខូចខាតសម្ភារៈមួយចំនួន ទើបទៅមុខលែងរួច។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្នកភូមិខាងលើបានប្រាប់ឲ្យដឹងថា រថយន្តខាងលើម៉ាកនីស្សាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5260 គឺជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត លី ឆាម ហើយរថយន្តនោះមានស្លាកលេខដែរ ប៉ុន្តែមិនអាចមើលឃើញនោះទេ ដោយសារតែអ្នកបើកបរយកក្រណាត់បិទបាំងទាំងខាងមុខ និងខាងក្រោយជិតអស់ទៅហើយ ។ នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តនោះបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឆ្លងផ្លូវ ជ្រុលទៅទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវ និងផ្ទះលក់គ្រឿងម្ជូរយីហោម៉ាក់ វិច្ឆិកា នោះទាំងកម្រោលតែម្ដង។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យបង្គោលភ្លើងបាក់អស់១ដើម ចំណែកផ្ទះលក់ដូរ យីហោម៉ាក វិច្ឆិកា ព្រមទាំងសម្ភារៈក្នុងនោះបានរងការខូចខាតមួយចំនួន រីឯផ្ទះជួសជុលម៉ូតូមួយស្ថិតនៅជាប់នោះក៏បាក់សំយ៉ាបហើយខូចខាតសម្ភារៈមួយចំនួនផងដែរ។ប៉ុន្តែនៅក្នុងពេលមានឧប្បត្តិហេតុកើតឡើង ម្ចាស់ផ្ទះហាក់បានឃើញមុននិងនាំគ្នារត់គេចរួចទាំងព្រលឹងចុងសក់ទើបគ្មានអ្នកស្លាប់និងរបួស។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ប្រទះឡាងបានចុះទៅកាន់ទីនោះ បន្ទាប់មកឲ្យភាគីទាំងអស់សម្របសម្រួលគ្នា ហើយខាងតំណាងក្រុមហ៊ុនដែលជាម្ចាស់រថយយន្ត ចេញមុខដោះស្រាយ សងទៅម្ចាស់ផ្ទះលក់គ្រឿងម្ជូរចំនួន១លានរៀល និងម្ចាស់ផ្ទះជួសជុលម៉ូតូចំនួន៨០ម៉ឺនរៀល ។ ក្រោយមកនគរបាលប៉ុស្តិ៍ខាងលើបានប្រគល់រថយន្តទៅឲ្យនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការក្រុងភ្នំពេញ នាំយកទៅរក្សទុករង់ចាំការដោះស្រាយរឿងខូចខាតបង្គោលភ្លើងបន្តទៀត៕