មីយ៉ាន់ម៉ា ៖ របបយោធាមីយ៉ានម៉ាបានប្រកាសលើកលែងទោសដល់អ្នកទោសជាង ៧.០០០នាក់ដើម្បីប្រារព្ធទិវាឯករាជ្យនៅថ្ងៃពុធ ទី ៤ មករានេះ ដោយមានបង្ហាញកម្លាំងទ័ពនៅក្នុងរដ្ឋធានី។
របបយោធាដែលទើបបញ្ចប់ការកាត់ក្តីលើមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារសរុបចំនួន ៣៣ឆ្នាំ កំពុងរៀបចំការបោះឆ្នោតនៅចុងឆ្នាំ ២០២៣នេះ ប៉ុន្តែអាមេរិកថាវានឹងក្លាយជារឿងដ៏អាម៉ាស។
របបយោធាបានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសចំនួន ៧.០១២នាក់ដើម្បីប្រារព្ធទិវាឯករាជ្យ ប៉ុន្តែគេមិនបានដឹងលម្អិតទេថាតើអ្នកដែលត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបនោះមានឈ្មោះទទួលបានការលើកលែងទោសឬយ៉ាងណាទេ។
មានការបង្ហាញរថក្រោះ មីស៊ីល និងរថពាសដែកនៅក្នុងក្បួនដង្ហែក្នុងរដ្ឋធានី ដើម្បីប្រារព្ធខួបលើកទី ៧៥ឆ្នាំនៃការទទួលបានឯករាជ្យពីអង់គ្លេស។
នៅក្នុងសុន្ទរកថាទៅកាន់ក្បួនកងទ័ព មេដឹកនាំរបបយោធា Min Aung Hlaing បានចោទប្រកាន់ប្រទេសនានាជាច្រើនថាបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ានម៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ ២០២១មក។
មីយ៉ាន់ម៉ាធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ដោយមានការប្រយុទ្ធគ្នារវាងក្រុមយោធា និងក្រុមឧទ្ទាមប្រឆាំងរដ្ឋប្រហារ ចាប់តាំងពីយោធាដណ្តើមអំណាចកាលពី ២ឆ្នាំមុន៕