ប្រទេសថៃ ៖ គឺជារឿងគួរឱ្យត្រេកអរ ដែលអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ត្រូវបានស្ថាប័នកីឡាប្រដាល់ធំមួយ ដាក់ចំណាត់ថ្នាក់លេខ ១ ជាកីឡាករឆ្នើម ក្នុងចំណោមកីឡាករល្បីជុំវិញពិភពលោកចំនួន ៣០រូបនាំមុខកីឡាករថៃ និង និងកីឡាករអូស្ត្រាលី ជាដើម។
យោងតាមការចុះផ្សាយរបស់ ស្ថាប័នប្រដាល់ World Mauythai Oganization បានបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ នៃក្នុងចំណោមកីឡាករល្បីជុំវិញពិភពលោកចំនូន ៣០រូប លើប្រភេទទម្ងន់ ៧២.៥គីឡូក្រាម បន្ទាប់ពីស្ថាប័នល្បីលំដាប់ពិភពលោកមួយនេះបានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់កាលពីពេលថ្មីៗនេះ។
កីឡាករ ធឿន ធារ៉ា បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងជូនប្រដាល់គុនខ្មែរ ក្រោយពីរូបគេបានផ្ដួលអ្នកប្រដាល់កំពូលៗថៃ ២រូបកាលពីនៅសង្វៀនពីផ្សេងគ្នា ដោយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ រូបគេបានក្លាយជាកីឡាករខ្មែរទី១ ឈ្នះខ្សែក្រវាត់ពិភពលោក Muay Thai បន្ទាប់ពីផ្តួលជើងខ្លាំងថៃ Saiyok Pumpanmuang ក្នុងទឹកទី១ យ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ប៉ុន្មានថ្ងៃបន្ទាប់ កូនសិស្សឆ្នើមរបស់លោកគ្រូ អេ ភូថង បានយកឈ្នះ ដោយពិន្ទុលើម្ចាស់ខ្សែក្រវ៉ាត់ WBC កីឡាករថៃ Beckham BigWinChampionGym នៅសង្វៀនប្រដាល់អន្តរជាតិមួយ ក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។
គួរបញ្ចាក់ផងដែរថាកីឡាករ ធឿន ធារ៉ា បានឡើងមកឈរចំណាត់ថ្នាក់លេខមួយនៃស្ថាប័នប្រដាល់ពិភពលោក WMO លើកីឡាករអន្តរជាតិនានាៗ ដូចជា អតីតតំណែងជើងឯកលេខ១ ដែលគ្រប់គ្រងដោយកីឡាករថៃ Saiyok Pumpanmuang ជាច្រើនឆ្នាំមក ត្រូវបានបញ្ចប់ដោយកីឡាករកម្ពុជា ធឿន ធារ៉ា ហើយកីឡាកររូបនេះ ខណៈកីឡាករ កីឡាករថៃ Saiyok Pumpanmuang បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៥។ ចំណែក កីឡាករឆ្នើមថៃមួយរូបទៀតគឺលោក Beckham BigWinChampionGym ស្ថិតនៅចំណាត់ថ្នាក់លេខ២ កីឡាករសញ្ចាតិប៊ែលហ្ស៊ិក-ម៉ារ៉ុក Youssef Boughanem ស្ថិតនៅលេខ៣ និងកីឡាករប្រដាល់អូស្ត្រាលី David Pennimpede ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមកីឡាករឆ្នើមទាំង ៣០រូប។ ចំណែកចំណាត់ថ្នាក់លេខ ៦ លេខ៧ លេខ ៨ លេខ ៩ និងលេខ ១០ គឺបានទៅលើកីឡាករមកពីប្រទេស អាល្លឺម៉ង់ អង់គ្លេស ថៃ ប្រេស៊ីល និងកីឡាករប្រទេសកុងហ្គោ-អេស្បាញ ៕